ដោយៈ គង់ សូរិយា
កំពតៈ ដោយទទួលបានទំនុកចិត្ត និងការគាំទ្រពីអតិថិជន ក្រុមហ៊ុនYoungsia Real Estate បានសម្រេចបោះទុនចំនួន៥លានដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ដីលំហែរបូកគោលែន៦។
អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២ សីហានេះថា ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដែលបានផ្តល់ទំនុកចិត្ត និងភាពជឿជាក់ដល់ក្រុមហ៊ុន យើងបានសម្រេចបោះទុន ដើម្បីអភិវឌ្ឍន៍ដីលំហែរទំហំ១០ហិកតា នៅក្នុងខេត្តកំពត ដែលគំរោងនេះ ស្ថិតនៅជាប់នឹងគំរោងបូកគោលែន៣ ដែលមានទេសភាពជាប់នឹងជើងភ្នំ និងទេសភាពខៀវស្រងាត់។
លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច និងសង្គម បានធ្វើឲ្យអតិថិជនត្រូវការដីលំហែរកើនឡើង ដោយចំនួនអតិថិជនមានប្រមាណ១លាននាក់នៅក្នុងទីផ្សារ”។ លោកបន្តថា “យ៉ាងណាក៏ដោយ ការទិញដីលំហែររបស់អតិថិជន នាពេលនេះមានភាពឆ្លាតវៃជាងមុន ព្រោះពួកគេត្រូវការដី ដែលមានការអភិវឌ្ឍពិតប្រាកដ ហើយយើងកំពុងដើរតាមលំអាននេះ”។
គំរោងបូកគោលែន១ បូកគោលែន២ និងបូកគោលែន៣ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ដោយសារអ្នកអភិវឌ្ឍន៍បានសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ដូចជាដាំដើមផ្កាសាគូរ៉ា សាងសង់ស្ពានជាប់ជើងភ្នំប្រវែង៥០០ម៉ែត្រ រៀបចំសួនច្បារសម្រាប់លំហែរ និងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ជាច្រើនទៀត។
លោកCooler Tanបានបន្តថា ជាមួយនឹងផែនការប្រកបដោយចក្ខុវិស័យ និងមានមូលដ្ឋានទុនរឹងមាំ យើងបាននិងកំពុងរៀបចំអភិវឌ្ឍន៍គំរោងបូកគោលែន៦ កាន់តែពិសេសជាងគំរោងមុនៗ ព្រោះជាគោលការណ៍របស់ក្រុមហ៊ុន ចង់ឲ្យអតិថិជនទទួលបានដី ដែលអាចលំហែរបានពិតប្រាកដ ហើយអ្នកលក់របស់យើង មិនពិបាកក្នុងការប្រាប់ភ្ញៀវនោះឡើយ ព្រោះពួកគាត់បានឃើញផ្ទាល់ភ្នែកនូវអ្វី ដែលយើងបានធ្វើ។
ក្រុមហ៊ុនYoungsia Real Estateក៏បាននិងកំពុងអភិវឌ្ឈន៍គំរោងឆ្នេរសមុទ្រកោងកាង នៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប និងគំរោងឋានសួគ៌លំហែរ ស្ថិតនៅលើផ្លូវលេខ១៣២ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលគំរោងទាំងពីរនេះ បានរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ដាំដើមឈើ សួនផ្កា បឹងសម្បនិម្មិត ដែលអាចឲ្យសាធារណៈជន អង្គុយញាំអាហារ និងស្ទូចត្រីកំសាន្តបានផងដែរ៕