ក្រុមហ៊ុន FORVAL ជប៉ុនគ្រោងពង្រីកការវិនិយោគនៅកម្ពុជានិងជួយ ដល់វិស័យ SMEs

0

ដោយៈ វិវឌ្ឍន៍

ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនFORVALរបស់ជប៉ុន គ្រោងនឹងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងជួយដល់វិស័យSMEsផងដែរ។

ក្នុងជំនួបជាមួយ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដឹកនាំ ដោយលោក Katsuhiro SHINOHARA អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រ ការអប់រំនៅកម្ពុជា លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុនFORVAL ជប៉ុន ក៏បានជម្រាបពីគោលបំណងក្នុងការជួយគាំទ្រ និងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ព្រមទាំងប្តេជ្ញាពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា ក៏ដូចជាកៀគរវិនិយោគិនជប៉ុន មកកម្ពុជាឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរបានសម្តែងសារជាថ្មី នូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ជាពិសេសលើវិស័យ ដែលមានសក្តានុពលនានានៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ថែមទៀត។

មានប្រសាសន៍នាឱកាសនោះ លោកប៉ាន សូរស័ក្តិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអតីតឯកអគ្គរាជទូត និងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ លើទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នាពេលកន្លងមក។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ចនៅកម្ពុជា។លោក​បានស្នើឱ្យអតីតឯកអគ្គរាជទូត ក៏ដូចជាវិស័យឯកជនជប៉ុនជួយគាំទ្រ ឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ជប៉ុន ដូច​ដែលបានលើកឡើងនៅក្នុងជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកFUMIO KIshida នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជន និងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here