ក្រុមហ៊ុនដឹកជញ្ជូនថៃធំមួយគ្រោងវិនិយោគលើវិស័យភ័ស្តុភារនៅប្រទេសកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនធំមួយរបស់ប្រទេសថៃ គឺ ក្រុមហ៊ុន CTI Logistic Co., Ltd បានបង្ហាញចំណាប់អារម្មណ៍ចង់មករកស៊ីលើវិស័យភ័ស្តុភារ និងការនាំចេញនាំចូល ក្នុងប្រទេសកម្ពុជា ខណៈប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគនៅកម្ពុជាមានអំណោយផលខ្ពស់សម្រាប់វិនិយោគិនបរទេស។

ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ លោក Anuwat Inthraphuvasak ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវិនិយោគិននៃប្រទេសថៃ CTI LOGISTICS បានជម្រាបថា ក្រុមហ៊ុនលោកចង់មកបណ្តាក់ទុនរកស៊ីលើវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា ក្រុមហ៊ុនលោកចង់សិក្សាស្វែងយល់ពីឱកាសសម្រាប់វិនិយោគលើវិស័យនាំចេញ និងនាំចូលទំនិញ ដោយចាត់ទុកថា អាជីវកម្មនេះជាផ្នែកមួយមានសក្តានុពលទីផ្សារនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន CTI LOGISTICS ប្រទេសថៃដែលចង់មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដោយលោកបានជម្រាបឱ្យខាងក្រុមហ៊ុនធ្វើទំនាក់ទំនង និងពិភាក្សាគ្នាបានលម្អិតជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC សម្រាប់កិច្ចការងារលម្អិត។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានកាលានុវត្តភាពច្រើនសម្រាប់ការវិនិយោគ ខណៈប្រទេសកម្ពុជាក៏ទើបនឹងបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មី ដែលមានភាពទាក់ទាញនិងអំណោយផលផងសម្រាប់ការចូលមកបណ្តាក់ទុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here