ដោយ៖ សុផារី
ភ្នំពេញ៖ កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ធំនៅខេត្តកំពត ដែលនឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់ប្រទេសកម្ពុជា បានបើកការដ្ឋានសាងសង់ជាផ្លូវការ ជាមួយទុនវិនិយោគ១.៥០០លានដុល្លារអាមេរិក។

ដោយ៖ សុផារី
ភ្នំពេញ៖ កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ធំនៅខេត្តកំពត ដែលនឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់ប្រទេសកម្ពុជា បានបើកការដ្ឋានសាងសង់ជាផ្លូវការ ជាមួយទុនវិនិយោគ១.៥០០លានដុល្លារអាមេរិក។

ពិធីបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។

លោក ស៊ុន ចាន់ថុល លោកទេស រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា ក្រុមបច្ចេកទេសរបស់ក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងមួយនេះនឹងចំណាយរយៈពេល១៨ខែ ប៉ុន្តែក្រសួងបានឱ្យរយៈពេលចំនួន២ឆ្នាំ ស្មើនឹង២៤ខែ ដោយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥។
លោកបានបន្តថា គម្រោងនេះ យ៉ាងយូរបំផុតត្រឹម នឹងរួចរាល់ហើយបើកឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥។ នៅក្នុងជំហានទី១ កំពង់ផែនេះនឹងអាចទទួលយកទំនិញ ៣០០.០០០ TEU ហើយនៅក្នុងឆ្នាំ២០៣០ នឹងមានសមត្ថភាពទទួលទំនិញបានរហូត ៦០០.០០០ TEU ហើយអាចពង្រីកបន្តបន្ទាប់បាន។

ក្រុមហ៊ុនកំពត ឡូជីស្ទីក អេនផត ឯ.ក បានទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅលើដីឯកជនរបស់ក្រុមហ៊ុន ដែលមានទំហំសរុប៦០០ហិកតា គ្រោងប្រើទុនវិនិយោគសរុបប្រមាណ១៥០០លានដុល្លារអាមេរិក ដោយត្រូវអនុវត្តជា៣ដំណាក់កាល។
គម្រោងនេះស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

គម្រោងវិនិយោតអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត និងបង្កើតនូវកំពង់ផែទឹកជ្រៅពហុបំណងដ៏ធំមួយទៀតនៅកម្ពុជា និងទំនើបលំដាប់អន្តរជាតិ នៅក្នុងតំបន់អាស៊ាន ដែលអាចឱ្យនាវាចំណុះ១០០ ០០០តោនចូលចតបាន។
គម្រោងនេះក៏នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានតំបន់ពាណិជ្ជកម្មសេរី ទីលានកុងតឺន័រ មជ្ឈមណ្ឌលភស្តុភារកម្មឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារតយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ។

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនឹងបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ១០០០០កន្លែង នៅពេលដាក់ឱ្យដំណើការ។ លើសពីនេះទៅទៀត គម្រោងនេះជួយឱ្យសម្រេចឱ្យបានជោគជ័យនូវ “ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ចូនពហុមធ្យោបាយ និងភស្តុភារកម្ម” និងគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ជាពិសេស ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកដាក់ផ្ទេរទំនិញចេញ-ចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ ក្នុងការនាំចេញផលិតផល កសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារក្នុងតំបន់ និងពិភពលោក ដូចជាចូលរួមចំណែកអភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិង អភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមចំណែកជំរុញសម្រេចគោលដៅ “ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”៕