ដោយៈគង់ សូរិយា
ភ្នំពេញៈ ផ្លូវបេតុងមួយខ្សែមានប្រវែង៦,០០០ម៉ែត្រ ដែលប្រសិទ្ធនាមថា “ រុក្ខវិថី បុប្ផា ប្រសិទ្ធ “ ជុំវិញឧទ្យានជាតិកែប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងបម្រើដល់វិស័យទេសចរណ៍ក្នុងខែត្តកែប។
ពិធីសម្ភោធផ្លូវរុក្ខវិថីនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៤ ខែឧសភា ក្រោមវត្តមានលោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបនិងអាជ្ញាធរពាក់ព័ន្ឋ។
-->

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ថា ផ្លូវបេតុង ប្រវែង៦,០០០ម៉ែត្រនេះ នឹងក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរណ៍ថ្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរណ៍ អាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើន នៅក្នុងព្រៃឧទ្យានជាតិនេះ។

លោកបានសម្តែងសុទិដ្ឋិនិយមថា “ឧទ្យានជាតិនេះ និងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ”។

ឧទ្យានជាតិកែប គឺជាឧទ្យានជាតិមួយ ស្ថិតនៅកណ្តាលក្រុងកែប ខេត្តខេត្តកែប របស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣។ខេត្តនេះមានទំហំផ្ទៃដី៦៦,៦គីឡូម៉ែត្រការ៉េ។ ឧទ្យាននេះរួមមានជួរភ្នំតូចមួយដែលមានផ្លូវ និងផ្លូវលំដែលពេញនិយមពីអ្នកទេសចរណ៍៕