ទីផ្សារខុនដូប្រទេស​ថៃ​រំពឹងសញ្ញា​​ងើបឡើងវិញទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​

0

ដោយ៖ លាងហួរ

 

ប្រទេស​ថៃ៖ ក្រុម​ហ៊ុន​​អភិវឌ្ឍន៍ស៊ុផាឡៃ (Supalai) ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំមួយ​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​ធ្វើ​ការ​ព្យាករ​ថា​ ទីផ្សារខុនដូថៃ​នឹងងើបឡើងវិញទាំងស្រុង នៅ​ក្នុង​ឆ្នាំ​២០២២នេះ​ ដែល​ជំរុញ​ដោយការ​ត្រលប់​មក​វិញ​នៃភ្ញៀវទេសចរ​បរទេស​ និងកំណើនការនាំចេញ។

លោក Tritecha Tangmatitham អគ្គ​នាយក​ក្រុម​ហ៊ុន​​​ស៊ុផាឡៃ បាន​ឱ្យ​ដឹង​ថា ទីផ្សារខុនដូបានស្ទុះងើបឡើងវិញ នៅក្នុង​ត្រីមាសទី៤ ឆ្នាំ២០២១​កន្លង​មក​ ដោយ​​នៅ​ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ចំនួនអតិថិជន​ទិញ​ខុនដូ​បាន​កើនឡើង១៥ភាគរយ ​ពីមួយឆ្នាំទៅមួយឆ្នាំ។

 

លោកបានបន្តថា ការលក់ខុនដូបានស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១ ហើយបន្តមាន​កំណើនខ្ពស់​​នៅត្រីមាសទី១​ក្នុងឆ្នាំ២០២២​នេះ ដែល​ជា​លទ្ធផលល្អបំផុត ក្នុងរយៈពេល​៥ត្រីមាសចុង​ក្រោយ​ ទោះបីប្រឈម​នឹង​ស្ថានភាព​អាក្រក់​បំផុត​នៃ​ជំងឺកូវីដ១៩ក្តី។​

 

លោក Tritecha បានឱ្យ​ដឹង​បន្ថែមថា សញ្ញា​វិជ្ជមានសម្រាប់ទីផ្សារខុនដូ​នៅ​ដើមឆ្នាំ​នេះ​ ជំរុញ​ដោយ កំណើន​ខ្ពស់​នៃ​​​ចំនួនអ្នកទេសចរបរទេស ដែលបានកើនឡើងរហូត​ដល​ទៅ​ ២.១០០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ និង ៣០ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស។ ម្យ៉ាង​ទៀត ការនាំចេញត្រូវបានព្យាករណ៍ថានឹងមានកំណើន​ ៧​ភាគរយ​ក្នុងឆ្នាំ២០២២នេះ​។

បើ​តាម​អ្នក​ជំនាញ​ដដែល​បាន​ឱ្យ​ដឹងទៀត​​ថា ចាប់តាំងពីចុងឆ្នាំ២០២១​មក ខុនដូតម្លៃ​ប្រហែល​៦ម៉ឺន​ទៅ១២​ម៉ឺន​ដុល្លារ​អាមេរិក​ មាន​ភាព​ល្អ​ប្រសើរឡើង ដោយសារអ​តិថិជន​គោលដៅ គឺជាអ្នក​ធ្វើ​ការ ខណៈអតិថិជន​បរទេស​បានត្រឡប់មកវិញនៅដើមឆ្នាំនេះ។ អ្នកទិញកម្រិត​មធ្យម​ឡើង​ មួយចំនួនបានឆ្លៀតឱកាសនេះ ដើម្បីទិញ​បាន​ក្នុង​តម្លៃទាបមួយ​ មុនពេល​ដែល​តម្លៃ​ចាប់​ផ្តើម​ឡើង​ខ្ពស់​ឡើង​វិញ​។​

 

ចំណែក​អតិថិជន​ថ្នាក់​ក្រោម​មធ្យម​ ហានិភ័យនៅតែមាន ខណៈ​អ្នកទិញមានការព្រួយបារម្ភអំពីការមិន​ទទួល​បាន​ប្រាក់កម្ចីទិញផ្ទះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here