ដោយៈវឌ្ឍនៈ
ភ្នំពេញៈ តំបន់នៅតាមបណ្ដោយផ្លូវជាតិមួយចំនួន តភ្ជាប់ពីខេត្តកំពតមកាន់រាជធានីភ្នំពេញ និងទៅកាន់បណ្ដាខេត្តនានា នឹងក្លាយជាចំណាប់អារម្មណ៍របស់វិនិយោគិន ស្របពេលផ្លូវជាតិទាំងនោះ គឺជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញ និងចូលកំពង់ផែ ពេលគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងសាងសង់រួចរាល់។

-->
នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Advance លោកប៉ូ អ៊ាវគង់ បានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៦ ឧសភាថា តាមទៅគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងក្នុងខេត្តកំពត ឃើញថាបានចាក់បំពេញដី និងត្រៀមរៀបចំសាងសង់យូរមកហើយ តែទើបតែបច្ចុប្បន្ននេះ ក៏ចាប់ផ្ដើមសាងសង់ ដូច្នេះដំណឹងនេះ វាក៏បានដឹងដល់វិនិយោគមួយចំនួនរួចទៅហើយដែរ។
លោកបន្តថា នៅពេលកំពង់ផែសាងសង់រួច និងដាក់ដំណើរការ វានឹងក្លាយជាច្រកសំខាន់មួយ ក្នុងការដឹកជញ្ជូនទំនិញចេញ និងចូលប្រទេសកម្ពុជា និងបន្តចែកចាយទៅកាន់បណ្ដាខេត្តនានា នៅទូទាំងកម្ពុជា”។លោកបន្តថា “ផ្លូវជាតិលេខ៣ លេខ២ និងផ្លូវជាតិលេខ៤១ នឹងក្លាយជាផ្លូវសំខាន់សម្រាប់ដឹកជញ្ជូនចេញចូលកំពង់ផែទៅកាន់ខេត្តនានា”។
លោកបន្ថែមថា ភ្លាមៗនេះ វាមិនទាន់ជាមានការអារម្មណ៍ខ្លាំងប៉ុន្មានដែរនោះ ប៉ុន្តែពេលនៅអនាគត វានឹងក្លាយជាចំណាប់អារម្មណ៍ របស់វិនិយោគិននិងក្លាយជាតំបន់ ដែលមានការសាងសង់ជារោងចក្រ សហគ្រាស និងមានឃ្លាំងស្តុកខ្លះៗផងដែរ ។

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានមានប្រសាសន៍ ក្នុងពិធីចុះបឋមសីលាសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនេះផងដែរ កំពង់ផែពហុបំណង ក្នុងខេត្តកំពតត្រូវបានចាត់ទុកជាកំពង់ផែដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចឱ្យកប៉ាល់ផ្ទុកទំងន់រហូតដល់១០ម៉ឺនតោនចូលចត ហើយក៏នឹងបំពាក់ឧបករណ៍ទំនើប ងាយស្រួលក្នុងការឱ្យកុងតឺន័រតូចធំចូលដឹកទំនិញផងដែរ ។
ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ នៅពេលកំពង់ផែនេះរួចរាល់ ផ្លូវជាតិលេខ៣ លេខ៤១ លេខ៤និងផ្លូវជាតិលេខ២ នឹងក្លាយជាផ្លូវសំខាន់ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនពី កំពង់ផែទៅកាន់បណ្ដាខេត្ត និងពីបណ្ដាខេត្តមកកាន់កំពង់ផែទឹកជ្រៅក្នុងខេត្តនេះ៕