ដោយ សុខុម
ក្រុងឡុងដ៍: សហភាពអ៊ឺរ៉ុប បានទម្លាយផែនការចំណាយរហូតដល់ទៅ២២១ពាន់លានដុល្លារអាមេរិក ដើម្បីផ្តាច់ខ្លួនចេញពីការប្រើប្រាស់ប្រេង និងឧស្ម័នរុស្ស៊ី។
តាមរយៈការធ្វើបទបង្ហាញផែនការចំណាយដ៏ធំសម្បើមរបស់ខ្លួនដែលមានឈ្មោះថា “REPowerEU” កាលពីថ្ងៃពុធ ទី១៨ ខែឧសភា គណៈកម្មការអឺរ៉ុប ប្រកាសថា ខ្លួននឹងព្យាយាមកាត់បន្ថយការប្រើប្រាស់ឧស្ម័នរុស្ស៊ី នៅទូទាំងប្លុកនេះឱ្យបាន៦៦%ត្រឹមដំណាច់ឆ្នាំនេះ ហើយនឹងឈប់ប្រើប្រាស់ទាំងស្រុងឱ្យបានមុនឆ្នាំ២០២៧ តាមរយៈការសន្សំសំចៃថាមពល ការស្វែងរកប្រភពផ្គត់ផ្គង់ជំនួស និងការពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ សប្ដាហ៍នេះថា “យើងកំពុងជំរុញមហិច្ឆតារបស់យើងឱ្យឈានមួយកម្រិតទៀតដើម្បីធ្វើឱ្យប្រាកដថា យើងឈប់ពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី បានទាំងស្រុងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
ចាប់តាំងពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះមក សហភាពអឺរុប បានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចេញថាមពលដ៏ធំសម្បើមរបស់ប្រទេសរុស្ស៊ី។
សហភាពអឺរុប បានព្រមព្រៀងដាក់បម្រាមលើធ្យូងថ្មរបស់រុស្ស៊ី នៅខែសីហា ខាងមុខនេះ ហើយកាលពីខែមុនបានកាត់បន្ថយការប្រើប្រាស់ឧស្ម័នធម្មជាតិរុស្ស៊ី មកនៅត្រឹម២៦%ពី៤០កាលពីឆ្នាំមុន។
ហើយផែនការថ្មីនេះគឺមានបំណងបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិក និងកាណាដា យ៉ាងឆាប់រហ័ស និងបង្កើនរំហូរឧស្ម័នតាមបំពង់បង្ហូរពីប្រទេសន័រវែស។
ទន្ទឹមនេះគណៈកម្មការអឺរ៉ុប ក៏បានបង្កើត Platform មួយដើម្បីបង្កលក្ខណៈងាយស្រួលឱ្យប្រទេសនានាមានលទ្ធភាពទិញថាមពលរួមគ្នាបានផងដែរ ជាមួយនឹងគោលបំណងជួយបញ្ចុះថ្លៃថាមពលដែលបានហក់ឡើងថ្លៃយ៉ាងគំហុក៕