WBគ្រោងបញ្ចេញជំនួយ៣០ពាន់លានដុល្លារ ខណៈសង្គ្រាមរុស្ស៊ីអ៊ុយក្រែនគំរាមកំហែងសន្តិសុខស្បៀង

0

ដោយ៖ សុខុម

 

អន្តរជាតិ: ធនាគារពិភពលោកបានប្រកាស កាលពីថ្ងៃពុធ ទី១៨ ខែឧសភាថា ខ្លួននឹងផ្តល់ជំនួយ៣០ពាន់លានដុល្លារ ដើម្បីជួយទប់ស្កាត់វិបត្តិសន្តិសុខស្បៀង ដែលរងការគំរាមកំហែងពីសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន ដែលបានកាត់បន្ថយការនាំចេញគ្រាប់ធញ្ញជាតិភាគច្រើនបំផុតពីប្រទេសទាំង២នេះ។

ធនាគារនេះនិយាយថា ជំនួយសរុបទាំងនេះនឹងរាប់បញ្ចូលទាំងចំនួន១២ពាន់លានដុល្លារ សម្រាប់គម្រោងថ្មីៗ និងមូលនិធិជាង១៨ពាន់លានដុល្លារ ពីគម្រោងស្បៀងអាហារ និងគម្រោងពាក់ព័ន្ធអាហារូបត្ថម្ភមានស្រាប់ ដែលត្រូវបានអនុម័ត ប៉ុន្តែមិនទាន់ត្រូវបានបញ្ចេញប្រាក់ផងដែរ។

 

លោក David Malpass ប្រធានធនាគារពិភពលោក បានចេញសេចក្តីថ្លែងការណ៍ថា “ការឡើងថ្លៃស្បៀងអាហារកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកដល់ប្រជាជនក្រីក្របំផុត និងងាយរងគ្រោះបំផុត”។

លោកបានលើកឡើងបន្ថែមទៀតថា “ដើម្បីជូនដំណឹង និងធ្វើឱ្យទីផ្សារនានាមានស្ថិរភាព វាពិតជាសំខាន់ណាស់ ដែលប្រទេសនានាចាំបាច់ត្រូវធ្វើសេចក្តីថ្លែងការណ៍ច្បាស់លាស់ នៅពេលនេះ អំពីកំណើនទិន្នផល នាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន”។

ធនាគារនេះបានគូសបញ្ជាក់ថា គម្រោងថ្មីៗទាំងនេះនឹងជួយគាំទ្រ ដល់វិស័យកសិកម្ម កិច្ចគាំពារសង្គម ដើម្បីទប់ទល់ផលប៉ះពាល់ ដែលបង្កឡើងដោយការឡើងថ្លៃស្បៀងអាហារ ដែលមានទៅលើប្រជាជនក្រីក្រ ព្រមទាំងគម្រោងទឹកស្អាត និងប្រព័ន្ធធារាសាស្រ្ត។ ភាគច្រើននៃធនធានជំនួយទាំងនេះ គឺសម្រាប់ជួយដល់អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល និងអាស៊ីខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here