ដោយៈគង់ សូរិយា
ភ្នំពេញៈ ការរៀបចំMaster Planមានសារៈសំខាន់ណាស់ សំរាប់ការអភិវឌ្ឍទីក្រុងរណបមួយ ឬទីក្រុង១ ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយចីរភាព។
ការអភិវឌ្ឍនៅតំបន់ភាគខាងត្បូងក្រុងភ្នំពេញ កំពុងដើរតាមផែនការមេរបស់ទីក្រុងរណប ING CITY ដែលជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈតម្លៃដីធ្លីនៅតំបន់នេះមានកំនើនយ៉ាងខ្ពស់ ជាមួយគំរោងសាងសង់បុរី មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនានា កំពុងលេចចេញជារូបរាងឡើងបណ្តើរ។
-->

យោងតាមផែនការមេរបស់ក្រុមហ៊ុន ING Holding ដែល Propertyarea.asia ទទួលបានឲ្យដឹងថា ទីក្រុងរណប ING CITY គ្របដណ្តប់លើផ្ទៃដីជាង ២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។ តាមគំរោងក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះ ជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។
ឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះ ជាមជ្ឈមណ្ឌលលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម។
ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សាលារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ ដែលមានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្ត្រនៅតំបន់នេះ។

ដោយសារជាតំបន់ថ្មី ងាយស្រួលហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនប្រជាសាស្ត្រនៅតំបន់នេះ ទើបអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋានធំៗនៅតំបន់នេះ ពិសេសផ្សារទំនើបលំដាប់អន្តរជាតិ២កំពុងបានសាងសង់ឡើង ក្នុងចំណោមផ្សារទំនើបធំៗចំនួនបី។ អ្វីកាន់តែពិសេសផ្សារទំនើប AEON MALL3 នឹងសាងសង់នៅតំបន់នេះនាពេលអនាគត ខណៈក្រុមហ៊ុន AEON GROUP បានទិញដីនៅតំបន់នេះទុករួចទៅហើយ។
អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមានដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋារចនាសម័ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី៕