ស្រីលង្កាជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតដល់ថ្នាក់ខកខានសងបំណុលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

0

សុខុម

អន្តរជាតិ: ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្រីលង្កាបានខកខានសងបំណុល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈប្រទេសនេះកំពុងប្រឈមវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតរបស់ខ្លួន ក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ។

ការខកខានសងបំណុលនេះកើតមានឡើង ក្រោយពីរយៈពេលអនុគ្រោះ (Grace Period) ៣០ថ្ងៃទុកឱ្យទូទាត់ការប្រាក់ ដែលមិនទាន់បានបង់ចំនួន៧៨លានដុល្លារ បានផុតកំណត់កាលពីថ្ងៃពុធ ទី១៨ ខែឧសភា។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី២០ ខែឧសភា នេះ។

ទេសាភិបាលនៃធនាគារកណ្តាលស្រីលង្កា បានប្រកាសថា ពេលនេះប្រទេសនេះបានធ្លាក់ចូលក្នុងស្ថានភាពខកខានសងបំណុលហើយ។ ក្រោយមក កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ទីភ្នាក់ងារវាយតម្លៃឥណទានដ៏ធំបំផុតទាំង២របស់ពិភពលោក ក៏បាននិយាយដែរថា ប្រទេសស្រីលង្កា បានខកខានសងបំណុលហើយ។

 

ការខកខានសងបំណុល ធ្វើឱ្យប្រទេសមួយស្អុយ ឬខូចកេរ្តិ៍ឈ្មោះ បាត់បង់ទំនុកចិត្តពីបណ្ដាវិនិយោគិន ហើយថ្ងៃក្រោយ នឹងកាន់តែពិបាកខ្ចីប្រាក់ នៅលើទីផ្សារអន្តរជាតិ ដែលអាចធ្វើឱ្យទំនុកចិត្តមកលើរូបិយប័ណ្ណ និងសេដ្ឋកិច្ចរបស់ខ្លួនដាំក្បាលចុះកាន់តែខ្លាំង។

ប្រទេសស្រីលង្កា កំពុងព្យាយាមស្នើសុំម្ចាស់បំណុលរៀបចំឥណទានឡើងវិញលើបំណុលជាង៥០ពាន់លានដុល្លារ ដែលខ្លួនជំពាក់បរទេស ដើម្បីឱ្យខ្លួនមានលទ្ធភាពច្រើនជាងមុននៅក្នុងការសងបំណុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here