ដោយ៖ សុផារី
ភ្នំពេញ៖ ម៉ាកយីហោល្បីៗទូទាំងពិភពលោក និងក្នុងស្រុក បានបើកដំណើរការក្នុងទីផ្សារ នៅក្នុងទីក្រុងភ្នំពេញ ដោយគិតពីឆ្នាំ២០២១ ដល់ដើមឆ្នាំនេះមានចំនួនជិត៥០ហាង។ វត្តមានហាងថ្មីៗទាំងនេះ ជាសញ្ញាល្អសម្រាប់អ្នកផ្គត់ផ្គង់ទីតាំងដាក់ជួលធ្វើអាជីវកម្ម ជាពិសេសនៅតាម ប្រភេទផ្សារទំនើប ខណៈដែលអត្រាជួលនៅមានកម្រិតនៅឡើយ បើធៀបនឹងការផ្គត់ផ្គង់ក្នុងទីផ្សារ។
របាយការណ៍សិក្សាពីទីផ្សារអចលនទ្រព្យ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ពីឆ្នាំ២០២១ មកដល់ដើមឆ្នាំ២០២២នេះ មានហាងចំនួនជិត៥០កំពុងបើកដំណើរការ។ ក្នុងនោះហាងដែលមានម៉ាកយីហោល្បីៗលើពិភពលោក មានដូចជា ហាងអាហារ Pizza Hut ហាងលក់សម្លៀកបំពាក់ H&M OVS និងហាងម៉ាកយីហោ Wilsonart ដែលផ្គត់ផ្គង់គ្រឿងសង្ហារឹម និងសំភារៈការិយាល័យ ហាង 7-Eleven ជាដើម។
អ្នកនាង Daluch Chin អ្នកគ្រប់គ្រងផ្នែកវាយតម្លៃ និងប្រឹក្សាសេវាកម្មរបស់ CBRE Cambodia បានមានប្រសាសន៍ ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ជាពេលវេលាដ៏ល្អប្រសើរ មិនធ្លាប់មានកន្លងមក សម្រាប់អាជីវកម្មទាំងឡាយណា ដែលត្រូវការជួលទីតាំងប្រកបដោយគុណភាព ស្តង់ដារអន្តរជាតិ។ ទីតាំងជួល ក្នុងអត្រាជួលក៏ល្អប្រសើរ បានទាក់ទាញនូវការចូលមកដល់នៃអាជីវកម្មនានាកាន់តែច្រើន ហើយបាន និងកំពុងធ្វើឱ្យរាជធានីភ្នំពេញក្លាយជាមូលដ្ឋានដ៏គួរឱ្យទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ប្រេនអន្តរជាតិ។
អ្នកជំនាញពីក្រុមហ៊ុន CBRE Cambodia អ្នកនាងគឹម គិនកេសា បានបញ្ជាក់កាលពីពេលកន្លងមកថា “សកម្មភាពជួលទីតាំងធ្វើអាជីវកម្ម នឹងបន្តមានកំណើនបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ស្របពេលដែលគម្រោងថ្មីៗជាច្រើនគ្រោងបើកដំណើរការនៅឆ្នាំនេះផងដែរ”។
អ្នកនាងបន្តថា កត្តានេះនឹងធ្វើឱ្យទីតាំងដាក់ជួលសម្រាប់អាជីវកម្ម អាចនឹងមានការប្រកួតប្រជែងកាន់តែខ្លាំងលើតម្លៃជួល និងលក្ខខណ្ឌអនុគ្រោះនានា។
ការផ្គត់ផ្គង់ទីតាំងធ្វើអាជីវកម្មបានកើនដល់ជាង៤០ម៉ឺនម៉ែត្រការ៉េ គិតត្រឹមឆ្នាំ២០២១ ហើយអត្រាជួលមាន៦៦ភាគរយ នៃការផ្គត់ផ្គង់សរុប។ បច្ចុប្បន្នតម្លៃជួលទីតាំងធ្វើអាជីវកម្មមានតម្លៃចន្លោះពី២៥ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តាមការព្យាករណ៍ ចំនួននៃការផ្គត់ផ្គង់ទីតាំងដាក់ជួលធ្វើអាជីវកម្មនេះ រំពឹងនឹងកើនដល់ជាង១លានម៉ែត្រការ៉េនៅឆ្នាំ២០២៥៕