ដោយៈសុខុម
តូក្យូ: ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានប្រកាសប្ដេជ្ញានៅថ្ងៃច័ន្ទ ទី២៣ ខែឧសភា នេះថា លោកនឹងប្រើប្រាស់កម្លាំងបាយដើម្បីការពារកោះតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់អាស៊ី ចាប់តាំងពីចូលកាន់តំណែងមកដើម្បីកៀរគរការគាំទ្រ។
ការអត្ថាធិប្បាយរបស់លោក ចូ បៃឌិន ហាក់ងាកចេញពីគោលនយោបាយមានស្រាប់របស់សហរដ្ឋអាមេរិក ដែលទទួលស្គាល់ថា តៃវ៉ាន់ ជាកោះស្វយ័តគ្រប់គ្រងដោយខ្លួនឯង ដែលប្រទេសចិនចាត់ទុកថា ជាដែនដីរបស់ខ្លួន ហើយចិនបាននិយាយថា វាជាបញ្ហាដ៏រសើប និងដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
នៅពេលត្រូវអ្នកយកព័ត៌មានម្នាក់ បានសាកសួរនៅទីក្រុងតូក្យូ ប្រទេសជប៉ុនថា តើសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ដែរឬទេ ប្រសិនបើតៃវ៉ាន់ ត្រូវបានវាយប្រហារដោយប្រទេសចិន ប្រធានាធិបតី ចូ បៃឌិន បានឆ្លើយថា “ប្រាកដណាស់”។
ទោះជាយ៉ាងណា លោកបានលើកឡើងបន្ថែមទៀតថា លោករំពឹងថា ព្រឹត្តិការណ៍បែបនេះ នឹងមិនកើតឡើង ឬមានការប៉ុនប៉ងទៅចុះ។
ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជម្រុញឲ្យកោះតៃវ៉ាន់នូវមធ្យោបាយដើម្បីការពារខ្លួន រដ្ឋាភិបាលអាមេរិក បានអនុវត្តជាយូរមកហើយនូវគោលនយោបាយ “ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត” ថាតើខ្លួននឹងធ្វើអន្តរាគមន៍ផ្នែកយោធាដើម្បីការពារតៃវ៉ាន់ ឬយ៉ាងណា ក្នុងករណីកោះតៃវ៉ាន់រងការវាយប្រហារពីប្រទេសចិន។
លោក ចូ បៃឌិន បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះអំពីការការពារតៃវ៉ាន់ កាលពីខែតុលា ចុងឆ្នាំ២០២១។ ហើយនៅពេលនោះ អ្នកនាំពាក្យសេតវិមានបានបកស្រាយថា លោកចូ បៃឌិន មិនបានប្រកាសផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនោះឡើយ។
ការអត្ថាធិប្បាយអំពីកោះតៃវ៉ាន់ ទំនងជានឹងលប់លើចំណុចស្នូលនៃដំណើរទស្សនកិច្ចរបស់លោក ចូ បៃឌិន នោះគឺការចាប់ផ្តើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ជាផែនការដ៏ទូលំទូលាយមួយ ដែលផ្តល់សសរស្តម្ភសេដ្ឋកិច្ច សម្រាប់ការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយអាស៊ី៕ Reuters៕