ធនាគាពិភពលោកផ្តល់ជំនួន១៦៩លានដុល្លារជួយធ្វើឱ្យប្រសើរឡើងនូវភាពធន់ទៅនឹងគ្រោះធម្មជាតិនៅកម្ពុជា

0

ដោយៈម៉ាលីនណា

ភ្នំពេញៈ ធនាគារពិភពលោក នៅថ្ងៃទី២៦ខែឧសភា បានអនុម័តលើជំនួយមានទឹកប្រាក់ចំនួន១៦៩លានដុល្លារអាមេរិក ជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គម្រោងការគ្រប់គ្រងហានិភ័យ គ្រោះធម្មជាតិអាស៊ីអាគ្នេយ៍ នៅកម្ពុជា ដំណាក់កាលទី២។

ជំនួយនេះនឹងប្រើប្រាស់សម្រាប់បង្កើនភាពធន់ នៃបណ្តាញផ្លូវជនបទទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ និងសម្រាប់លើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុ។

គម្រោងនេះជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។ គម្រោងនេះនឹងនាំអត្ថប្រយោ​ជន៍ដល់ប្រជាជនចំនួនប្រហែល ៥,៥លាននាក់ ក្នុងនោះ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ។

មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងនេះ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ជាមួយនឹងការប្តេជ្ញាចិត្តមុះមុត របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះ នឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរ ដល់ប្រជាជនងាយរងគ្រោះ ពីហេតុការណ៍គ្រោះធម្មជាតិដែលគ្មានអ្នកណាអាចដឹងមុន”។

កម្ពុជាជាប្រទេសមួយ ដែលងាយរងគ្រោះណាស់ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងនោះមានជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក៏ងាយរងគ្រោះខ្លាំងណាស់ ពីហានិភ័យនៃគ្រោះធម្មជាតិ បង្កដោយអាកាសធាតុ។

បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំងណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានា នៅលើបណ្តាញផ្លូវ អាចធ្វើឱ្យជីវភាពគ្រួសារជនបទ ជួបការលំបាកនិងបង្កឧបសគ្គដល់លទ្ធភាពទទួលបាន សេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យ។

ការខូចខាតយ៉ាងដំណំ ដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០ បានគូសបញ្ជាក់ច្បាស់ អំពីសេចក្តីត្រូវការរបស់កម្ពុជា ឱ្យមានការវិនិយោគបន្ថែមទៀត ទៅលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ និងស្ថានភាពងាយរងគ្រោះរបស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ។

គម្រោងនេះ នឹងត្រូវបានអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដើរតួសកម្ម នៅក្នុងការបង្កើនភាពធន់របស់ការសាងសង់ និងរបស់ស្តង់ដាថែទាំផ្លូវ។ គម្រោងនេះនឹងបន្តធ្វើពីដំណាក់កាលទី១ នៃគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍ នៅកម្ពុជា ដោយផ្តោតសំខា​ន់លើការពង្រីកបណ្តាញតភ្ជាប់ផ្លូវជន បទដែលធន់នឹងកត្តាអាកាសធាតុ និងលើការពង្រឹកការរៀបចំផែនការហិរញ្ញវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់ទ្រទ្រង់ភាពធន់នឹងគ្រោះធម្មជាតិ។

ការធានាឱ្យបាននូវភាពធន់ របស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាអាទិ​ភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍជនបទកម្ពុជា និងផែនការសកម្មភាពឆ្នាំ២០១៩-២០២៣ ដែលបានកំណត់ថា ការបង្កើនគុណភាព និងភាពធន់របស់បណ្តាញផ្លូវជនបទ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីអាទិភាពទាំងបួនរបស់ខ្លួន។

កញ្ចប់ហិរញ្ញប្បទានថ្មី នឹងពង្រឹងសមត្ថភាពរបស់ក្រសួង ក្នុងការត្រៀមលក្ខណៈ ការឆ្លើយតប និងក្នុងការស្តារស្ថានភាពក្រោយមានគ្រោះធម្មជាតិ និងក្នុងការទ្រទ្រង់ដល់ការរៀបចំផែនការទុកជាមុន និងដល់ការគ្រប់គ្រងហានិភ័យ ទឹកជំនន់នៅក្នុងតំបន់ទន្លេសាប ដែលរងការខូចខាតខ្លាំងពីទឹកជំនន់ក្នុងឆ្នាំ២០២០។ ជំនួយហិញ្ញប្បទានថ្មីនេះ ក៏នឹងជួយពង្រឹងថែមទៀតដែរ នូវសមត្ថភាពផ្នែករៀបចំចាត់ចែង និងបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការអនុវត្តគម្រោងនេះ។

ថវិកានេះគឺជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន៤៥០,០០០ដុល្លារអាមេរិកទៀត ពីកម្មវិធីរួមគ្នារវាងប្រទេសជប៉ុន និងធនាគារពិភពលោកសម្រាប់បញ្ជ្រាបការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ (Japan-Bank Program for Mainstreaming DRM in Developing Countries) ដែលកម្មវិធីនេះ ទទួលថវិកាពីរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយមូលនិធិសាកល សម្រាប់កាត់បន្ថយនិងស្តារឡើងវិញពីគ្រោះធម្មជាតិ។ កម្ពុជានឹងរួមចំណែកថវិកាបដិភាគចំនួន២លានដុល្លារអាមេរិក ទៅក្នុងកញ្ចប់ហិរញ្ញប្បទានថ្មីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here