ដោយៈសុខុម
អន្តរជាតិ: ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភាកន្លងមកថា លោកសប្បាយចិត្តដែលក្រុមហ៊ុនបរទេសមួយចំនួន បានចាកចេញពីប្រទេសរុស្ស៊ី ពីព្រោះវាជាការទុកឱកាសឱ្យអាជីវកម្មក្នុងស្រុក អាចជំនួសកន្លែងរបស់ពួកគេ។
ទន្ទឹមនេះលោកក៏បានព្រមានលោកខាងលិចថា រដ្ឋាភិបាលក្រុងមូស្គូ នឹងស្វែងរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាទិញបច្ចេកវិទ្យាទំនើបៗ និងទំនិញប្រណីតៗឱ្យបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែឧសភា នេះ។
លោក ពូទីន បានចាត់ទុកការឈ្លានពានចូលប្រទេសអ៊ុយក្រែនថា ជាចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររុស្ស៊ី នោះគឺការបះបោរដោយរដ្ឋាភិបាលក្រុងមូស្គូ ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលលោកនិយាយថាបានធ្វើឱ្យប្រទេសរុស្ស៊ី រងនូវភាពអាម៉ាស់ងើបមុខសឹងមិនរួច ចាប់តាំងពីសហភាពសូវៀត ដួលរលំក្នុងឆ្នាំ១៩៩១។
ក្រៅពីបង្កឱ្យមនុស្សស្លាប់យ៉ាងច្រើន បន្សល់នូវសោកនាដកម្មព្រាត់ប្រាស់មនុស្សជាទីស្រលាញ់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ គិតសរុបជាទឹកប្រាក់ជាច្រើន រយពាន់លានដុល្លារអាមេរិក សង្គ្រាមអ៊ុយក្រែន និងការព្យាយាមរបស់លោកខាងលិច ដើម្បីធ្វើឱ្យរុស្ស៊ី “នៅឯកោ”ពីគេទុកជាការដាក់ទណ្ឌកម្ម ចំពោះការបញ្ឆេះភ្លើងសង្គ្រាមឈ្លានពាននេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង កំណើនសេដ្ឋកិច្ចពិភពលោក និងបង្កឱ្យអតិផរណាហក់ឡើងខ្ពស់ ខណៈទំនិញគ្រាប់ធញ្ញជាតិ ប្រេងឆា ជី និងថាមពលហក់ឡើងថ្លៃយ៉ាងគំហុក។
ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះមក ក្រុមហ៊ុនបរទេសធំៗជាច្រើន រាប់ចាប់ពីក្រុមហ៊ុនប្រេងអង់គ្លេសBP រហូតដល់ក្រុមហ៊ុនអាហារសម្រន់អាមេរិកMcDonald’s ទើបតែបានចាកចេញពីប្រទេសរុស្ស៊ី ខណៈសេដ្ឋកិច្ចរុស្ស៊ី កំពុងប្រឈមនឹងការដាំក្បាលចុះធ្ងន់ធ្ងរបំផុត ចាប់តាំងពីសហភាពសូវៀតបានដួលរលំ។
ទោះជាយ៉ាងណាក្ដី លោក ពូទីន ហាក់មិនចុះញ៉មចំពោះលោកខាងលិចសូម្បីតែបន្តិច ហើយថែមទាំងឆ្លៀតចំអកឱ្យលោកខាងលិចទៀតផង។
លោក ពូទីន បាននិយាយអំពីក្រុមហ៊ុនបរទេស ដែលចាកចេញពីរុស្ស៊ី ថា “ពេលខ្លះ បើក្រឡេកមើលទៅក្រុមហ៊ុនដែលចាកចេញ គឺយើងគួរតែអរគុណព្រះជាម្ចាស់ទៅវិញទេ។ លោកបន្តថា “យើងនឹងកាន់កាប់ទីផ្សារពិសេសរបស់ពួកគេ ព្រោះអាជីវកម្មរបស់យើង ផលិតកម្មរបស់យើងបានរីកលូតលាស់រួចទៅហើយ ហើយអាជីវកម្មរបស់យើងនឹងមានសុវត្ថិភាព ព្រោះបណ្ដាដៃគូរបស់យើង បានត្រួសត្រាយផ្លូវទុកឱ្យយើងស្រាប់”៕ Reuters៕