មហាយក្សចិន និងឥណ្ឌាបន្តបង្កើនការទិញប្រេងកាន់តែច្រើន ខណៈប្រេងរុស្ស៊ីស្ថិតក្រោមការហ៊ុមព័ទ្ធជុំទិស

0

ដោយៈសុខុម

អន្តរជាតិ: ពេលនេះប្រេងរុស្ស៊ី ក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក កំពុងត្រូវបានដឹកជញ្ជូនតាមកប៉ាល់ មកកាន់ប្រទេសឥណ្ឌា និងប្រទេសចិន ស្របពេលប្រទេសផ្សេងៗទៀត រឹតបន្តឹងការនាំចូលដោយសារសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៧ ខែឧសភា។

យោងតាមក្រុមហ៊ុនវិភាគ ទិន្នន័យអន្តរជាតិឈានមុខគេ Kpler ឱ្យដឹងថា ប្រេងរុស្ស៊ី ដែលត្រូវបានដឹកជញ្ជូនតាមកប៉ាល់ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅនេះ មានបរិមាណច្រើនរហូត ដល់ទៅចន្លោះពី ៧៤ទៅ ៧៩លានបារ៉ែល ពោលគឺច្រើនជាងទ្វេដង បើធៀបទៅនឹងបរិមាណមុនពេលផ្ទុះសង្គ្រាមឈ្លានពានអ៊ុយក្រែន នាថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។

ក្រុមហ៊ុនវិភាគទិន្នន័យ Kpler បានឱ្យដឹងបន្ថែមទៀតថា តំបន់អាស៊ី បានវ៉ាដាច់តំបន់អឺរ៉ុប ក្លាយជាអ្នកទិញប្រេងធំបំផុត ជាលើកដំបូងមិនធ្លាប់មានកាលពីខែមេសា កន្លងទៅ ហើយតាមការរំពឹងទុកថា គម្លាតនេះនឹងរីកកាន់តែធំនៅខែឧសភា នេះ។

ការកើនឡើងយ៉ាងគំហុកនូវបរិមាណប្រេងរុស្ស៊ី ដែលដឹកជញ្ជូនតាមផ្លូវសមុទ្រនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ពាណិជ្ជកម្មថាមពលពិភពលោកបានធ្លាក់ចូល ក្នុងស្ថានភាពចលាចល ដោយសារសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន ដោយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងប្រទេសជាច្រើននៅសហភាពអឺរ៉ុប ឈប់ទិញទំនិញរបស់រុស្ស៊ី ជាហេតុបង្ខំឱ្យរដ្ឋាភិបាលក្រុងមូស្គូ ស្វែងរកអ្នកទិញនៅតំបន់អាស៊ី។

ដោយឃើញឱកាសចំណេញកប់ក្ដោង ខណៈរុស្ស៊ីលក់ប្រេងបញ្ចុះតម្លៃច្រើន ដោយសារសហភាពអឺរ៉ុប និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តឈប់ទិញប្រេងរបស់ខ្លួន ជាការដាក់ទណ្ឌកម្ម ចំពោះការបញ្ឆេះសង្គ្រាមរបស់ខ្លួនចូលឈ្លានពានអ៊ុយក្រែន ប្រទេសចិន និងប្រទេសឥណ្ឌា បានសម្ងំសម្រុកទិញប្រេងរុស្ស៊ីជាច្រើនលានបារ៉ែល៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here