ប្រទេសថៃ និងវៀតណាម គ្រោងសហការគ្នាដំឡើងថ្លៃអង្ករដើម្បីក្ដោបក្ដាប់ទីផ្សារជួញដូរអង្ករពិភពលោក

0

ដោយៈសុខុម

បាងកក: នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាបានលើកឡើងថា ប្រទេសថៃ និងប្រទេសវៀតណាម គួរតែរួមគ្នាដំឡើងថ្លៃអង្ករ ដើម្បីបង្កើនអំណាចនៃការចរចារបស់ខ្លួន នៅលើទីផ្សារពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ ខែឧសភា នេះ។

ចំណាត់ការនេះ ត្រូវបានអ្នកជំនាញមើលថា វាជាការគំរាមកំហែងដល់សន្តិសុខស្បៀង ដែលអាចធ្វើឱ្យស្បៀងអាហារ ហក់ឡើងថ្លៃកាន់តែខ្ពស់ទូទាំងពិភពលោក។

អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា ចំណាត់ការបែបនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករ បង្កបង្កើនផលដំណាំស្រូវរាប់លាននាក់ នៅក្នុងប្រទេសទាំងពីរ ដែលបានជួបការលំបាកដោយសារថ្លៃដើមកើនឡើង ខណៈតម្លៃស្រូវអង្ករនៅតែធ្លាក់ចុះ។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានជួបជាមួយក្រុមមន្ត្រីថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការនេះ។
គម្រោងដំឡើងថ្លៃអង្ករ ពីសំណាក់ប្រទេសនាំចេញអង្ករធំៗទាំងពីរនេះកើតមានឡើង ស្របពេលមានការកើនឡើង នូវការគាំពារនិយមផ្នែកស្បៀងអាហារ និងអតិផរណាហក់ឡើងខ្ពស់។

ពិភពលោកមានការព្រួយបារម្ភថា ប្រទេសឥណ្ឌា អាចនឹងរឹតបន្តឹងការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាលើស្រូវសាលី និងស្ករស ខណៈទីផ្សារស្បៀងអាហារពិភពលោកបានជួបវិបត្តិហក់ឡើងថ្លៃរួចទៅហើយ ដោយសារសង្គ្រាមរុស្ស៊ី ចូលឈ្លាន​ពានប្រទេសអ៊ុយក្រែន៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here