ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ជាលទ្ឋផលបន្ទាប់ពីការបោះឆ្នោតជ្រើសរើស និងផ្តល់សេចក្តីទុកចិត្តពីអង្គបោះឆ្នោត លោកឡេននី វង់បានជាប់ឆ្នោតជាប្រធានសាខា សភាពាណិជ្ជកម្មប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា។
លោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា ជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd បានជាប់ឆ្នោតជាប្រធាន និង៨រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។
លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា បានចូលរួមជាគណៈអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើស ប្រធាន និងសមាជិក ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ តាមប្រព័ន្ធវីដេអូ។
លោកបន្តថា កម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបេក្ខភាពចំនួន ៩រូប ដែលនឹងត្រូវក្លាយទៅជាសមាជិក ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ហើយក៏ជាការិយាល័យតំណាង ឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមានស្នាក់ការនៅក្រៅប្រទេសផងដែរ។
លោកបន្តថា “ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូនេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួលកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើង”៕