ដោយៈ លាងហួរ
ចិនៈ ក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន Unipec បានបញ្ជូននាវាចំនួន១០បន្ថែមទៀតក្នុងខែនេះ ដើម្បីដឹកជញ្ជូនប្រេងឆៅពីប្រទេសរុស្ស៊ី ស្របពេលដែលអាជ្ញាធរក្រុងសៀងហៃបានបង្ហាញ នូវគោលនយោបាយថ្មីៗ ដើម្បីជួយស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។
ក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសចិន China International United Petroleum and Chemical Co ឬ Unipec បានបញ្ជូននាវាដឹកប្រេងយ៉ាងហោចណាស់១០គ្រឿង មកទល់ពេលនេះក្នុងខែនេះ ដើម្បីដឹកជញ្ជូនប្រេងឆៅ ESPOពីរុស្ស៊ី ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើង៤០០ភាគរយ នៃចំនួនកប៉ាល់ដែលបានកក់ទុកមួយខែមុន សម្រាប់ការធ្វើពាណិជ្ជកម្មនេះ។
សារពត៏មាន Bloomberg បានរាយការណ៍ថា អាជ្ញាធរក្រុងស៊ាងហៃបានដាក់ចេញនូវគោលនយោបាយថ្មីៗមួយចំនួន ដើម្បីជួយស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីផលប៉ះពាល់ នៃការរាតត្បាតនៃជំងឺកូវីដ១៩។ គោលនយោបាយរួមមានការបញ្ចុះតម្លៃពន្ធ អនុញ្ញាតឱ្យក្រុមហ៊ុនផលិតចាប់ផ្តើមប្រតិបត្តិការឡើងវិញក្នុងខែមិថុនា បង្កើនល្បឿនការអនុម័ត សម្រាប់គម្រោងអចលនទ្រព្យ ការផ្តល់ការអភិវឌ្ឍន៍លំនៅដ្ឋានថ្មី កាត់បន្ថយពន្ធលើការទិញរថយន្តមួយចំនួន ឧបត្ថម្ភធនធានលើយានជំនិះអគ្គិសនី ជាដើម។
សារព៌តមាន CNN ក៏បានរាយការណ៍ផងដែរថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Alibaba របស់ចិនបានកើនឡើង៩ភាគរយបើធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះកើតឡើង ដោយសារការកើនឡើង នៃតម្រូវការទិញទំនិញតាមអ៊ីនធឺណិត និងតាមទូរស័ព្ទដៃក្នុងចំណោមអ្នកប្រើប្រាស់។ កំណើននៃប្រាក់ចំណូល ក៏ត្រូវបានសន្មតថាមានការកើនឡើង១២ភាគរយ នៅក្នុងអង្គភាពរបស់ក្រុមហ៊ុន៕