ដោយៈ លាងហួរ
ប្រទេសថៃៈ អត្រាអតិផរណានៅប្រទេសថៃ បានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុកនៅក្នុងខែឧសភា ដោយឈានដល់កម្រិតខ្ពស់បំផុត ក្នុង រយៈពេលជិត១៤ឆ្នាំចុងក្រោយនេះ ដោយសារការកើនឡើងនៃតម្លៃថាមពលជាសកល។
ក្រសួងពាណិជ្ជកម្មថៃបានអោយដឹងនៅថ្ងៃចន្ទនេះថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)នៅប្រទេសថៃបានកើនឡើង៧.១ភាគរយ បើធៀបនឹងឆ្នាំមុន ដែលអត្រានេះលើសពីការព្យាករណ៍ទុកថា វានឹងកើនឡើងត្រឹមតែ៥.៧៨ភាគរយតាមការស្ទង់មតិរបស់សារព័ត៌មានReuters។
លោក Ronnarong Phoolpipatរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានប្រាប់សន្និសីទសារព័ត៌មានមួយថា តម្លៃទំនិញត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត នៅក្នុងត្រីមាសទី៣ មុនពេលធ្លាក់ចុះក្នុងត្រីមាសចុងក្រោយនេះ ដែលក្នុងឆ្នាំ២០០៨អត្រាអតិផរណា នៅប្រទេសថៃបានឈានដល់៥,៥ ភាគរយ។
ប្រទេសថៃមានបំណងរក្សាអតិផរណា ឱ្យនៅក្រោម៥ភាគរយនៅឆ្នាំ២០២២នេះ បើតាមលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ខណៈដែលការគ្រប់គ្រងតម្លៃលើទំនិញប្រើប្រាស់ និងការឧបត្ថម្ភថវិកាបានជួយពន្យឺតការកើនឡើងនូវអត្រាអតិផរណាក្នុងប្រទេសថៃ។
ទោះបីជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលថៃត្រូវបានគេរំពឹងថា នឹងរក្សាអត្រាគោលនយោបាយរបស់ខ្លួន អោយនៅកម្រិតទាបបំផុតត្រឹម០.៥ភាគរយនៅឯកិច្ចប្រជុំបន្ទាប់របស់ខ្លួននៅថ្ងៃពុធ។
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅថ្ងៃច័ន្ទនេះបានមានប្រសាសន៍ថា អត្រាគន្លឹះមិនគួរកើនឡើងខ្ពស់នោះទេ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងងើបឡើងវិញ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI)ស្នូល ដែលមិនគិតបញ្ចូលពីតម្លៃថាម ពលមិនប្រែប្រួល និងតម្លៃអាហារស្រស់ បានកើនឡើង២.២៨ភាគរយ នៅក្នុងខែឧសភាធៀបនឹងឆ្នាំមុន៕