ដោយៈ លាងហួរ
អាស៊ីៈ តំបន់អាស៊ីអាចទទួលបានផលចំណេញច្រើន ក្នុងការចរចាទិញប្រេងពីរុស្ស៊ី ដែលបានបញ្ចុះតម្លៃដ៏ច្រើន ក៏ដូ ចជាធ្វើជាសាក្សីនៃការកើនឡើង នៃប្រទេសទិញប្រេងថ្មីៗនៅក្នុងតំបន់ ដោយសារការសម្រេចចិត្តររបស់សហភាពអឺរ៉ុបEU ក្នុងការឈប់នាំចូលប្រេងពីប្រទេសរុស្ស៊ី។
សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តក្នុងសប្តាហ៍នេះ ក្នុងការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីតាមផ្លូវសមុទ្រ ដែលមានបរិមាណជាង២/៣នៃការចែកចាយប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្លុកនេះ។ សហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូលប្រេងឆៅពីរុស្ស៊ីរួចមកហើយ ខណៈដែលពេលនេះ សហភាពអឺរ៉ុបក៏បានកំពុងដាក់ទណ្ឌកម្មប្រេងលើរុស្ស៊ីផងដែរ ដែលជំរុញអោយតំបន់អាស៊ីជាច្រកចេញដ៏សំខាន់តែមួយគត់សម្រាប់រុស្ស៊ី។
លោក Lim Jit Yang ទីប្រឹក្សាទីផ្សារប្រេងនៅ Platts Analytics នៃ S&P Global Commodity Insights បានមានប្រសាសន៍ថា “ជាលទ្ធផល ប្រទេសនៅតំបន់អាស៊ី នឹងអាចទទួលបានផលចំណេញ ពីការទិញប្រេងក្នុងតម្លៃថោកពីរុស្ស៊ី”។
យោងតាម Platts Analytics បានអោយដឹងថា បរិមាណប្រេងនៅអាស៊ីនឹងមានការកើនឡើងប្រហែល៤០% ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបមានប្រហែល៣០%និង១៨%។
ប្រទេសរុស្ស៊ីកំពុងបង្ហាញសញ្ញារួចទៅហើយ ក្នុងការនាំចេញប្រេងរបស់ខ្លួនទៅកាន់តំបន់អាស៊ី ដែលប្រទេសចិនគឺជាអ្នកទិញដ៏ធំបំផុត នៃប្រេងឆៅរបស់រុស្ស៊ី។ ប្រទេសឥណ្ឌាបាននាំចូលប្រេងឆៅ ប្រភេទUralsចំនួន៨៣៦ ០០០បារ៉ែល ក្នុងមួយថ្ងៃក្នុងខែមេសា បើធៀបត្រឹមតែ ២៧៤,០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍ទំនិញ Kpler។
លោក Rajat Kapoor នាយកគ្រប់គ្រងប្រេង ឧស្ម័ននិងគីមី នៅក្រុមហ៊ុន Synergy Consulting បានមានប្រសាសន៍ថា ប្រទេសឥណ្ឌាកំពុងប្រជែងក្នុងការនាំចូលប្រេងពីរុស្ស៊ី ដែលយោងទៅតាមការប៉ាន់ប្រមាណមួយចំនួនប្រេងរុស្ស៊ី បានបញ្ចុះតម្លៃ៣៥% ធៀបទៅនឹងតម្លៃទីផ្សារបច្ចុប្បន្ននេះ។
នៅក្នុងប្រទេសចិន ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ បដិសេធមិនទទួលយកប្រេងពីអ៊ីរ៉ង់ បន្ទាប់ពីការដាក់ទណ្ឌកម្មថ្មី ដែលដាក់ដោយអាជ្ញាធរអាមេរិក ស្របពេលប្រទេសចិនបានចំណេញយ៉ាងខ្លាំង ក្នុងការនាំចូលប្រេងដែលមានតម្លៃថោកពីរុស្ស៊ី៕