ឯកអគ្គរដ្ឋទូតចិនៈប្រទេសចិនមិនមានបំណងគ្រប់គ្រងកម្ពុជានោះទេ

0

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធានបានបញ្ជាក់ជំហររបស់ប្រទេសចិនថា ប្រទេសចិន មិនមានបំណងគ្រប់គ្រង ប្រទេសកម្ពុជា ឬប្រទេសណាមួយនៅលើពិភពលោកនោះទេ ចិនចង់តែដឹក​នាំប្រជាជន និងគ្រប់គ្រងប្រទេសខ្លួនឯងឱ្យបានល្អតែប៉ុណ្ណោះ។

លោកឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់បែបនេះ ក្រោយពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកវ៉ាង វិនធាន បានបញ្ជាក់ដូច្នេះថា “ប្រទេសចិន មិនចង់ក្លាយទៅជាប្រទេសខ្លាំង គ្រប់គ្រងប្រទេសនោះទេ ប្រទេសចិនមានវប្បធម៌ប្រពៃណីទន់ភ្លន់ ចង់គ្រប់គ្រងតែប្រទេសរបស់ខ្លួនឱ្យបានល្អប៉ុណ្ណោះ ហើយដឹកនាំប្រជាជន គ្រប់គ្រងប្រទេសខ្លួនឯងបា នល្អប៉ុណ្ណឹងបានហើយ

ចិនជាមហាអំណាចក្នុងតំបន់ ដែលបានផ្តល់ជំនួយ និងប្រាក់កម្ចីដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែម្តង ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្រសិទ្ធនាមថាជា “មិត្តដែកថែប”។

ខណៈដែលទំនាក់ទំនង ប្រទេសទាំងពីរកាន់តែរឹងមាំ និងខ្លាំងក្លាជាពេលណាៗទាំងអស់នោះ ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបានវាយប្រហារថា ចិនមានបំណងគ្រប់គ្រងកម្ពុជា ឬដាក់អន្ទាក់បំណុ​ល ឬបោះមូលដ្ឋានកងទ័ពនៅក្នុងប្រទេសកម្ពុជាដើម។

លោកវ៉ាង វិនធានបានបញ្ជាក់ថា ជំនួយ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា គោរពច្បាប់របស់ប្រទេសកម្ពុជា គោរពច្បាប់របស់ប្រទេសចិន និងគោរពច្បាប់អន្តរជាតិ និងបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ។

លោកបានបន្តទៀតថា កិច្ចសហប្រតិបត្តិការ លើវិស័យកងទ័ពចិន និងកម្ពុជា មិនសម្រាប់សំដៅទៅប្រទេសទី៣នោះទេ ហើយនិយាយពីប្រទេសមួយចំនួន វាយប្រហារទៅលើគម្រោងនេះ គឺមានបំណងផ្តេសផ្តាស់ ដែលគេនិយាយខុស ធ្វើខុស

លោកបានបន្តថា នៅលើពិភពលោក ប្រទេសដែលមានកងទ័ពនៅក្រៅប្រទេស មិនមែនជាប្រទេសចិនទេ គឺប្រទេសដែលមានកងទ័ពនៅក្រៅប្រទេសច្រើនជាងគេ មិនមែនប្រទេសចិននោះទេ ហើយធ្វើដើម្បីបង្កើនឥទ្ធិពល ដើម្បីបង្កើនកិត្យានុភាពកម្លាំងខ្លួនឯង ក៏មិនមែនប្រទេសចិននោះទេ ដូច្នេះទោះបីជាថ្ងៃក្រោយជួបនូវសម្ពាធ និងបញ្ហាប្រឈមជាច្រើនយ៉ាងណា ប្រទេសទាំងពីរ នឹងជម្នះឧបសគ្គនៅថ្ងៃក្រោយ

ទោះបីជាមិននិយាយចំឈ្មោះប្រទេសនេះ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា សហរដ្ឋមេរិកគឺជាមហាអំណាចមួយ ដែលមានមូលដ្ឋានកងទ័ពច្រើនជាងគេបង្អស់នៅលើពិភពលោក។

សៀវភៅ ដែលមានចំណងជើងថា Base Nation: How U.S. Military Bases Overseas Harm America and the World» បានអះអាងថា សហរដ្ឋអាមេរិក ដែលជាមហាអំណាចយោធាលំដាប់ទី១ ជាមួយកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ ជាង៧០០ពាន់លានដុល្លារ ហើយមានមូលដ្ឋានទ័ពជាង៨០០ទីតាំង នៅក្នុងប្រទេសជាង៧០ និងដែនដីអធិ​បតេយ្យបរទេសផ្សេងៗទៀត៕ ប្រភពFreshnews៕

LEAVE A REPLY

Please enter your comment!
Please enter your name here