ដោយៈ សុខុម
ប៉េកាំង: វិនិយោគិនបរទេសមួយចំនួន បានសម្រុកវិលត្រលប់ទៅកាន់ផ្សារហ៊ុន និងមូលបត្របំណុលរបស់ប្រទេសចិន វិញនៅក្នុងខែឧសភា ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើនកិច្ចប្រឹងប្រែង ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការបិទខ្ទប់កូវីដ-១៩ និងការកើនឡើងភាពតានតឹងផ្នែកនយោបាយពិភពលោកច្រើនខែមកនេះ។
យោងតាមទិន្នន័យពី Refinitiv Eikon ដែលជាវេទិកា (Platform) វិភាគហិរញ្ញវត្ថុ និងផ្សារហ៊ុនក្រុងហុងកុងបានបង្ហាញថា ទោះជាអំឡុងពេលរឹតបន្តឹងខ្លាំង ក្នុងវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ក្ដី ក៏ក្រុមវិនិយោគិនបរទេស បានសម្រុកទិញភាគហ៊ុននៅប្រទេសចិន រហូតដល់ទៅ២,៥ពាន់លានដុល្លារ កាលពីខែមុន ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ខែ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៨ ខែមិថុនា។
ទន្ទឹមនេះ ផ្អែកតាមទិន្នន័យពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បង្ហាញថា នៅក្នុងទីផ្សារមូលបត្របំណុលរបស់ប្រទេសចិន មានរំហូរចូលនូវមូលធនសុទ្ធចំនួន២ពាន់លានដុល្លារ ក្នុងខែឧសភា។
លោក Mark Haefele ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអន្តរជាតិ UBS Global Wealth Management ថ្លែងថា ប្រទេសចិន គឺស្ថិតក្នុងចំណោមទីផ្សារ ដែលលោកពេញចិត្តនៅអាស៊ី ដោយសារតែការបន្ធូរបន្ថយនាពេលថ្មីៗនេះ នៅក្នុងការរឹតបន្តឹងកូវីដ-១៩ វិធានការរបស់រដ្ឋាភិបាល នៅក្នុងការស្ដារសេដ្ឋកិច្ច និងតម្លៃភាគហ៊ុនធ្លាក់ចុះទាប។
ក្រុងសៀងហៃ បានបញ្ចប់ការបិទខ្ទប់ រយៈពេល២ខែរបស់ខ្លួនកាលពីថ្ងៃទី១ ខែមិថុនា ហើយក្រុងប៉េកាំង ក៏បានបន្ធូរបន្ថយការរឹតបន្តឹងកូវីដ-១៩ ផងដែរ នៅពេលក្រុមអ្នកបង្កើតគោលនយោបាយ បានងាកទៅផ្តោតលើកំណើនសេដ្ឋកិច្ចឡើងវិញ ដើម្បីទាញសេដ្ឋកិច្ច ឱ្យចេញផុតពីស្ថានភាពដ៏អាក្រក់។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា វាត្រូវការពេលច្រើនខែទម្រាំសេដ្ឋកិច្ចចិន អាចត្រលប់មករឹងមាំឡើងវិញ៕ Reuters៕