ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាមាននៅក្នុងឃ្លាំងជាង១១លានដូស ខណៈវ៉ាក់សាំងប្រមាណ២០លានដូសបន្ថែមទៀត ត្រៀមបញ្ជូនមកកម្ពុជាជាបន្ដបន្ទាប់ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំដៅបង្កើននូវការកងការពារជំងឺដ៏កាចសាហាវមួយនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់នាព្រឹកថ្ងៃទី១៣ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងដែលនៅក្រៅប្រទេស ប្រមាណជាង២០លានដូស ហើយត្រៀមបញ្ជូនមកកម្ពុជានោះ រួមមាន នៅប្រទេសចិន ចំនួន១៥លានដូស, នៅសហរដ្ឋអាមេរិក ចំនួន៥.៥លានដូស និងប្រទេសអូស្ដ្រាលី ចំនួន៥សែនដូស។ វ៉ាក់សាំងនេះ ត្រៀមសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។
-->

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២២-២០២៣ យើងប្រើវ៉ាក់សាំងដែលនៅសល់ ឥលូវវ៉ាក់សាំងដែលនៅសល់ ក្នុងឃ្លាំងជាង១១លានដូស។ វ៉ាក់សាំងដែលបានសន្យានឹងមកដល់ គឹនៅចិន១៥លានដូស នៅអាមេរិក៥.៥លានដូស អូស្ដ្រាលីនៅសល់៥សែនដូស ដែលនឹងមកដល់បន្ដទៀត”។ សម្តេចបន្តថា “ចឹងយើងរៀបចំផែនការក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ ព្រោះយើងមិនទាន់វាយតម្លៃបានថា តើកូវីដចប់នៅពេលណា?”។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា បច្ចុប្បន្នកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៥ជូនមន្ដ្រីរាជការជួរមុខ និងក្រុមគោលដៅអាទិភាព ខណៈសម្ដេចក៏ត្រៀមចាក់ដូសទី៥នេះ ដូចគ្នាផងដែរ ប៉ុន្ដែប៉ុន្មានថ្ងៃមុននេះសម្ដេច បានយកឈាមទៅពិនិត្យ ឃើញអង់ទីគ័រនៅខ្ពស់ដែលនៅសល់ដូសទី៤។ សម្ដេចបានបង្ហើបថា សម្ដេចក៏បានចាក់វ៉ាក់សាំងការពារសួតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្ដមកទទួលយក នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សម្ដេចនៅតែបន្ដអះអាងថា ចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩នេះ រដ្ឋមិនគិតថ្លៃពីប្រជាពលរដ្ឋនោះឡើយ កុំថាឡើយត្រឹមចាក់ដូសទី៥ ទោះបីត្រូវចាក់ដល់ដូសទី២០ ក៏នៅតែមិនយកលុយនោះទេ ហើយសម្ដេចថា ការចាក់វ៉ាក់សាំងយកលុយពីប្រជាពលរដ្ឋ ក៏មិនអាចធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំអាចប្រកាសសារជាថ្មីម្ដងទៀត កុំថាឡើយដូសទី៥ ដល់ដូសទី២០ ក៏នៅតែមិនយកលុយនោះដែរ។ ព្រោះនេះជាតម្រូវការ ហើយប្រសិនបើយកលុយ សម្រាប់អ្នកដែលមិនចង់ចាក់វ៉ាក់សាំងស្រាប់ផងក៏មិនទៅ អ្នកដែលចង់ចាក់វ៉ាក់សាំងបែរជាត្រូវសូកប៉ាន់លុយកាក់ បង្កើតជាអំពើពុករលួយពេញប្រទេស ដូច្នេះត្រូវគិតឲ្យច្បាស់”។
សម្តេចតេជោហ៊ុន សែនបានសង្កត់ធ្ងន់ទៀតថា “នៅពេលនេះប្រជាពលរដ្ឋ ត្រូវការឲ្យរាជរដ្ឋាភិបាលជួយ មិនមែនត្រូវការឲ្យយកលុយពីពួកគាត់នោះទេ ដូច្នេះហើយមិនថាអ្នកមាន ឬអ្នកក្រ គឺត្រូវចាក់វ៉ាក់សាំង ហើយចាក់មិនយកលុយដូចគ្នា”។
គិតត្រឹមយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៥៦,៥៨០នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៣,៣៤៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,២៩៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧២,៧៥០នាក់
៤៖ អាយុ៥ឆ្នាំ ៤០៦,៧០៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១៤,៤៨០នាក់។
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ ចំនួន៩,៣១៣,៩៧២នាក់ ដូសទី៤ ចំនួន ២,៦៥៩,៧៨៧នាក់ និងដូសទី៥ ចំនួន១០៣,២៦៨នាក់៕