ដោយ: លាងហួរ
ប្រទេសចិន: ទីផ្សារទិញ លក់អចលនទ្រព្យក្នុងខែឧសភារបស់ប្រទេសចិន បានធ្លាក់ចុះក្នុងល្បឿនយឺតជាងពេលមុន ជាលើកដំបូងក្នុង រយៈពេលបីខែ ដែលបង្ហាញថា អ្នកទិញមានទំនុកចិត្តនៅក្នុងវិស័យនេះ។
ការលក់អចលនទ្រព្យ តាមតំបន់ក្នុងខែឧសភាបានធ្លាក់ចុះ៣១,៨ភាគរយធៀបនឹងឆ្នាំ២០២១ ដោយថយចុះពីការធ្លាក់ចុះ៣៩ភាគរយ នៅក្នុងខែមេសា នេះបើយោងតាមការគណនា របស់សារពត៌មានReuters ដោយផ្អែកលើទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ នៅថ្ងៃពុធនេះ។
លោកFu Linghui អ្នកនាំពាក្យការិយាល័យស្ថិតិបានថ្លែង ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធនេះថា ទីផ្សារនៅប្រទេសចិនបានបង្ហាញពីការអភិវឌ្ឍជាវិជ្ជមានមួយចំនួន ទោះជាវិស័យអចលទ្រព្យ មានការធ្លាក់ចុះក៏ដោយ។
ភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍ ដែលបានចុះបញ្ជីនៅក្នុងប្រទេសចិនបានកើនឡើង ដោយសន្ទស្សន៍អចលនទ្រព្យ CSI 300 បានកើនឡើងច្រើនជាង៥ភាគរយ។
ចាប់តាំងពីដើមឆ្នាំ២០២២មក ទីក្រុងប្រហែល២០០ នៅប្រទេសចិនបានចាត់វិធានការបន្ធូរបន្ថយ ជាចម្បងទៅលើអ្នកទិញផ្ទះ រួមទាំងការបង់រំលស់តូចៗ ការឧបត្ថម្ភធន និងការបន្ធូរបន្ថយលើការទិញផ្ទះ សម្រាប់គ្រួសារដែលមានកូនច្រើនជាងមួយ។
វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភនៃកំណើនសម្រាប់សេដ្ឋកិច្ចប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង និងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំង។
បើគិតពីមករា ដល់ខែឧសភា ការលក់អចលនទ្រព្យបានធ្លាក់ចុះ២៣,៦ភាគរយ។
លោក Zhang Dawei ប្រធានអ្នកវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ Centaline បានមានប្រសាសន៍ថា ទោះបីជាអត្រានៃការធ្លាក់ចុះ ការលក់អចលទ្រព្យទាបជាងមុន បើធៀបទៅនឹងខែមុនក៏ដោយ ក៏ទីផ្សារនៅតែធ្លាក់ចុះមួយផ្នែក ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ១៩៕