ដោយៈវឌ្ឍនៈ
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជិត១០ពាន់លានដុល្លារអាមេរិក ជាចំនួនមួយធៀបនឹងពិដានដែលកម្ពុជាអាចនៅមានលទ្ឋភាពខ្ចីបានតទៅទៀត។
យោងតាមរបាយការណ៍ស្ថិតិ បំណុលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២នេះ ដោយគិតទាំងបំណុលមរតក កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន៩,៨១ពាន់លានដុល្លារអាមេរិក ដែលសុទ្ធសឹងតែបំណុលសាធារណៈក្រៅប្រទេស ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានប្រមាណ៦៨ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៣២ភាគរយ។
របាយការណ៍ដដែលឱ្យដឹងទៀតថា បំណុលសាធារណៈទាំងនេះ សុទ្ធសឹងតែជារូបិយប័ណ្ណបរទេស ដែលក្នុងនោះ៤២ភាគរយ ជាដុល្លារអាមេរិក ២២ភាគរយ ជាអេសដេអ៊ែរ១៤ភាគរយជាយ័នរបស់ចិន។ ១០ភាគរយជាយេនរបស់ជប៉ុន។ បំណុល៧ភាគរយជាអឺរ៉ូ និង៤ភាគរយទៀតជារូបិយប័ណ្ណផ្សេងៗ។
ដោយឡែកក្នុងត្រីមាសទី១ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន៣១៧,២៤ដុល្លារអាមេរិក សមមូលនឹង២២៨,២១លានអេសដេអ៊ែរ ស្មើនឹង១៤ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាតិ ( ១៦០០លានអេសដេអ៊ែរ ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ៥២ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៤៨ភាគរយ។ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ មុនគឺមានលក្ខណៈល្អប្រសើរជាង ដោយហេតុថា កាលពីត្រីមាសទី១ ឆ្នាំ២០២១កម្ពុជា ពុំមានការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាល់តែសោះ។
របាយការណ៍ដដែលថា ឥណទានទាំងនេះ សុទ្ធសឹងតែជាឥណទានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម ប្រមាណ៥០ភាគរយ។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភីបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ផលិតភាពផលិតកម្ម ។
ទន្ទឹមនឹងនេះដែរ ក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន៥២៩,៧៩លានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌទ្វេភាគី៤៧ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៥៣ភាគរយ។ សាច់ប្រាក់ទាំងនោះ ត្រូវបានប្រើប្រាស់ជាក់ស្ដែង ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ៣២ភាគរយ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត៦៨ភាគរយ៕