ដោយៈ សុផារី
ពោធិ៍សាត់ៈ រោងចក្របង្គុំ និងតម្លើងរថយន្ត Ford របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. នៅខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណ២១លានដុល្លារ នឹងត្រូវធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្ម នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្របង្គុំ និងតម្លើងរថយន្តនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រោងចក្របង្គុំ និងតម្លើងរថយន្ត Ford នេះសម្រាប់ប្រភេទFord Renger និង Ford Everest ដោយបច្ចុប្បន្នរោងចក្រនេះ បានស្ថាបនារួចរាល់ជាស្ថាបពរ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។
ក្រៅតែពីរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក៏នៅមានការបោះទុនវិនិយោគ នៅក្នុងតំបន់នេះរួចជាស្រេច ដូចជា រោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍ល។ល។
វត្តមានក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះ ត្រូវបានមើលឃើញថា បាននិងកំពុងជំរុញសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យនៅក្នុងមូលដ្ឋានស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាពិសេសលើកមុខមាត់ប្រទេសកម្ពុជាទាំងមូល និងផ្តល់ឱកាសការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕