ដំណឹងល្អ សម្តេចតេជោ៖ កម្ពុជានិងវៀតណាមគ្រោងបើកច្រកព្រំដែនខេត្តត្បូងឃ្មុំជាច្រកអន្តរជាតិមួយ

0

ដោយ៖ សុផារី

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជានិងវៀតណាម នឹងបើកច្រកព្រំដែនខេត្តត្បូងឃ្មុំ ទៅជាច្រកអន្តរជាតិមួយ ដើម្បីបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

៤៥ឆ្នាំក្រោយដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានកិច្ចការជាច្រើនបានវិវត្តរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយសម្ដេចតេជោបានលើកឡើងថា នាពេលខាងមុខ កម្ពុជា-វៀតណាម មានបំណងបើកច្រកទ្វារព្រំដែនអន្តរជាតិមួយទៀត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កម្ពុជា និង វៀតណាម នឹងបើកច្រកព្រំដែនខេត្តត្បូងឃ្មុំ ទៅជាច្រកអន្តរជាតិមួយពេលនេះយើងកំពុងធ្វើផ្លូវ ប្រសិនបើយើងបើកបាន តំបន់នេះនឹងធ្វើឱ្យប្រទេសទាំងពីរ កាន់តែជិតស្និតជាមួយគ្នា និងធ្វើឱ្យច្រកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនខ្លាំង”។

សម្ដេចតេជោបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ជាប់ព្រំដែនកម្ពុជា-វៀតណាម ក៏ត្រូវបានរៀបចំឡើងដោយដឹកនាំធ្វើពីសំណាក់រដ្ឋាភិបាល​វៀត​ណាម និងរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោបានថ្លែងបន្តថា “យើងត្រូវបំពេញកិច្ចការមួយចំនួន ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបើកច្រកព្រំដែន ឲ្យទៅជាច្រកព្រំដែនអន្តរជាតិ”។

ប្រសិនបើមានការបើកច្រកព្រំដែនអន្តរជាតិ នៅតំបន់នេះ ធ្វើឱ្យប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានទំនាក់ទំនងកាន់តែជិតស្និត ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងតែមានការរីកចម្រើនជាខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here