ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការពង្រីកផ្លូវមួយខ្សែពីតំបន់កោះថ្ម ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា វៀតណាម ដើម្បីលើកមុខមាត់តំបន់ និងជំរុញជាតំបន់សេដ្ឋកិច្ចពិសេសធំមួយ នាពេលអនាគត។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងខួបលើកទី ៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ។
បច្ចុប្បន្ននេះ ផ្លូវមួយខ្សែ ដែលគ្រោងនឹងពង្រីកពីតំបន់កោះថ្មនេះ មានទទឹងត្រឹមតែ៨ម៉ែត្រប៉ុណ្ណោះ ហើយសម្តេចបានបញ្ជាឱ្យលោក ស៊ុន ចាន់ថុល ចាប់ផ្ដើមពង្រីក យ៉ាងហោចណាស់ឱ្យប៉ុនផ្លូវជាតិលេខ៧ តភ្ជាប់មកតំបន់ព្រំដែនកម្ពុជា វៀតណាម ដោយនឹងប្រែក្លាយជាតំបន់ផ្លាស់ប្ដូរសេដ្ឋកិច្ចមួយ នាពេលអនាគត។
សម្តេចមានប្រសាសន៍ថា “ផ្លូវដែលយើងធ្វើមកកោះថ្មនេះ វាមានត្រឹមតែ៨ម៉ែត្រ សូមឯកឧត្តម ស៊ុន ចាន់ថុល ចាប់ផ្ដើមពង្រីកវាយ៉ាងហោចណាស់ឱ្យប៉ុនផ្លូវជាតិលេខ៧ តភ្ជាប់មកតំបន់ព្រំដែន។ ខ្ញុំជឿថា ថ្ងៃក្រោយតំបន់នេះ នឹងក្លាយជាតំបន់ផ្លាស់ប្ដូរសេដ្ឋកិច្ច”។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចបាននិយាយជាមួយនាយករដ្ឋមន្ត្រីវៀតណាមរួចហើយ អំពីបំណងទៅថ្ងៃក្រោយ នឹងអាចបើកជាច្រកទ្វារអន្តរជាតិ នៅពេលសមស្របណាមួយ តែនៅថ្ងៃនេះមិនទាន់អាចប្រកាសបានទេ ដោយសារនូវមានកិច្ចការងារមួយចំនួនទៀតត្រូវពិភាក្សាគ្នា៕