ភោជនីយដ្ឋានអណ្ដែតទឹកដ៏ចំណាស់ និងដ៏ល្បីល្បាញរបស់ក្រុងហុងកុង លិចនៅសមុទ្រចិនខាងត្បូង

0

ដោយៈ សុខុម

ហុងកុង: ភោជនីយដ្ឋានអណ្ដែតទឹកដ៏ចំណាស់ និងដ៏ល្បីល្បាញដែលជានិមត្តរូបរបស់ក្រុងហុងកុង Jumbo Floating Restaurant បានលិចនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីត្រូវគេអូសសណ្ដោងចេញពីទីក្រុងនេះ។

ក្រុមហ៊ុន Aberdeen Restaurant Enterprises ដែលជាក្រុមហ៊ុនមេរបស់ភោជនីយដ្ឋាអណ្ដែតទឹកនេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់កាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ថា ភោជនីយដ្ឋាននេះ ពិតជាបានលិចកាលពីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា នៅជិតប្រជុំកោះ Paracel Islands នៅសមុទ្រចិនខាងត្បូង ប្រាកដមែន បន្ទាប់ពី “ជួបស្ថានការណ៍ដ៏អាក្រក់” ហើយលិចចូលទៅក្នុងទឹក។

ក្រុមហ៊ុននិយាយថា “ទឹកនៅកន្លែងកើតហេតុ មានជម្រៅជាង១.០០០ម៉ែត្រ ដែលធ្វើឱ្យពិបាកក្នុងការជួយសង្គ្រោះ” ហើយថាខ្លួន “សោកស្ដាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ” ប៉ុន្តែជាសំណាងល្អគ្មានអ្នកណាម្នាក់បាត់បង់ជីវិត ឬក៏រងរបួសនោះទេ។

ក្រុមហ៊ុនបានបន្ថែមថា ក្រុមវិស្វករនាវាចរណ៍ ត្រូវបានជួលឱ្យត្រួតពិនិត្យភោជនីយដ្ឋានអណ្តែតទឹកនេះ និងបានត្រៀមលក្ខណៈបច្ចេកទេសរួចរាល់ មុននឹងចេញដំណើរ ហើយថាខ្លួនទទួលបានរាល់លិខិតអនុញ្ញាតពាក់ព័ន្ធទាំងអស់សម្រាប់ការអូសសណ្ដោងនេះ។

ភោជនីយដ្ឋាននេះ បានបិទទ្វារនៅខែមីនា ឆ្នាំ២០២០ ដោយសារខ្លួនជួបវិបត្តិហិរញ្ញវត្ថុ ជិតមួយទសវត្សរ៍មកហើយ ហើយវិបត្តិកូវីដ-១៩ ចូលមកដល់បានធ្វើឱ្យវាទាល់ច្រក ពោលគឺឈានដល់ការបិទទ្វារតែម្ដង។

*ប្រវត្តិត្រួសៗ

ភោជនីយដ្ឋានអណ្ដែតទឹក Jumbo Floating Restaurant ដែលមានទីតាំងនៅផែ Aberdeen Harbour ក្នុងក្រុងហុងកុង ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧៦ ហើយបានបិទទ្វារនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិហិរញ្ញវត្ថុ។

អំឡុងពេលបើកដំណើរការរយៈពេល៤៤ឆ្នាំ មានភ្ញៀវជាង៣០លាននាក់បានមកញ៉ាំអាហារ នៅភោជនីយដ្ឋាននេះ រួមទាំងម្ចាស់ក្សត្រី អេលី  ហ្សាបេត ទី២ (Queen Elizabeth II) នៃប្រទេសអង់គ្លេស អតីតប្រធានាធិបតីអាមេរិក Jimmy Carter តារាហូលីវូដ Tom Cruise តារាភាពយន្តហុងកុង អាចែ (Chow Yun Fat) និងតារាសម្ដែងស្រីចិន Gong Li ផងដែរ ព្រមទាំងជនល្បីល្បាញជាច្រើនទៀត៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here