ដោយ៖ សុផារី
ភ្នំពេញ៖ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស “ប្រ៊ីកបូក (BRICS Plus)” ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ “លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” សម្តេចតេជោតេជោ ហ៊ុន សែន បានបង្ហាញនូវទស្សនៈទានមួយចំនួន ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលចេញពីវិបត្តិ។
ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចបន្តថា បច្ចុប្បន្នតំបន់ និងសកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។
សម្តេចតេជោក៏បានបង្ហាញនូវទស្សនៈទានដែរថា ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលចេញពីវិបត្តិដូចបានលើកបង្ហាញខាងលើ ទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេសលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។
សម្តេចបន្តថា ការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការអាទិភាពផងដែរ។ ក្នុងនោះយើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើន កិច្ចសហការក្នុងការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយប្រទេសមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
សម្តេចតេជោ ក៏បានមើលឃើញផងដែរថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម។
សម្តេចតេជោ បានក៏បានបង្ហាញនូវការប្តេជ្ញាចិត្តផងដែរថា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕