ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានអនុម័តយល់ព្រមចុះបញ្ជីរវិនិយោគក្រុមហ៊ុនផ្នែកឧស្សាហកម្ម និងសណ្ឋាគារចំនួន៦ ដែលមានទុនវិនិយោគជាង ១៧៣លានដុល្លាអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែល Propertyarea.asia ទើបទទួលបាននារសៀលថ្ងៃទី៦ វិច្ឆិកានេះឲ្យដឹងថា នៅក្នុងវិច្ឆកា ឆ្នាំ២០១៨នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៦ ដែលក្រុមហ៊ុនទាំងនោះមានគម្រោងវិនិយោគលើផ្នែកឧស្សាហកម្ម និងសណ្ឋាការ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ លើផ្នែកសេដ្ឋកិច្ចកម្ពុជាបន្ថែម។
ក្រុមហ៊ុនទាំង៦នោះ មានដូចជា ទី១ ក្រុមហ៊ុន LING XIU INT’L គ្រោងសាងសង់ និងបង្កើតអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគសរុបមាណជិត៦៩លានដុល្លារអាមេរិក។ ក្រោយពីការសាងសង់រួច សណ្ឋាគារមួយត្រូវការកំលាំងពលកម្មប្រមាណ១៣៣កន្លែង ជាពិសេសបានចូលរួមចំណែកដ៏សំខាន់ ក្នុងការបម្រើសេវាដល់វិស័យទេសចរ។
ទី២ ក្រុមហ៊ុន NORO MALL ដែលកំពុងវិនិយោគផ្សារទំនើប Noro Mall មានទីតាំងស្ថិត សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ ក្នុងទឹកប្រាក់ចំនួន៩,២លានដុល្លារអាមេរិក។ ទី៣ ក្រុមហ៊ុន CATH PHARMA គ្រោងវិនិយោគបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគចំនួន ៦,៣ លានដុល្លារអាមេរិកផងដែរ។
ទី៤ ក្រុមហ៊ុន CHNEITEC RENEWABLE មានគម្រោងសាងសង់ស្ថានីយ៍ ផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំ ៦០មេហ្គាវ៉ាត់ គ្រោងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង៥៨ លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី៥ ក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ គ្រោងវិនិយោគទុនប្រមាណជាង២៦លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
និងទី៦ក្រុមហ៊ុន SAIER (CAMBODIA) GARMENT ដែលមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់វិញ គ្រោងវិនិយោគទុនប្រមាណជាង ៤លានដុល្លារអាមេរិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមហ៊ុនទាំងនេះក្រោយពីការសាងសង់ និងដាក់ឲ្យដំណ់ការជាផ្លូវការនោះ ក្រុមហ៊ុនទាំងនេះ ត្រូវការកំលាំងពលកម្មចូលរួមក្នុងវិស័យការងារជិត២ពាន់កន្លែងផងដែរ៕