លោក វ៉ាង វិនធាន៖ ការវិនិយោគផ្ទាល់របស់ចិននៅកម្ពុជាមានទំហំទឹកប្រាក់ជាង២០៦លានដុល្លារអាមេរិក​​

0

ដោយ៖ សហការី

ភ្នំពេញ៖ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ មានទឹកប្រាក់ចំនួន២០៦លានដុល្លារ កើនឡើង៣៥,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

នេះបើតាមការបញ្ជាក់របស់ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

លោក វ៉ាង វិនធាន បានថ្លែងថា ចាប់តាំងពីដើមឆ្នាំ២០២២មក លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានលក្ខណៈលេចធ្លោ ដោយរក្សាបានកំណើនលំនឹងថេរ និងមានសុខុមាលភាពជាលំដាប់ ស្របពេលដែលសេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំ២០២២នេះ បានចាប់ផ្តើមក្នុងសភាពលំនឹងថេរ។ ពោលគឺនៅក្នុងត្រីមាសទី១នេះ សេដ្ឋកិច្ចចិនមានកំណើនសេដ្ឋកិច្ច៤,៨% ដែលជាប់ចំណាត់ថ្នាក់នាំមុខគេ។

លោកបន្តថា “ក្រោមបរិបទជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាមានលក្ខណៈកើនឡើង ទោះបីជួបបញ្ហាកូវីដ១៩ក៏ដោយ។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា សម្រេចបានគោលដៅ១០ពាន់លានដុល្លារអាមេរិកមុនការគ្រោងទុក ដែលឈានដល់ ១១,១៩៤ពាន់លានដុល្លារអាមេរិក កើនឡើង៣៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០”។

លោកបន្តថា ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជាបានទាក់ទាញការវិនិយោគចិនមានចំនួន២,៣២ពាន់លានដុល្លារអាមេរិក មានកំណើនជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ការវិនិយោគចិនមានចំនួន៥៣,៤% នៃចំនួនវិនិយោគសរុបបាន បន្តក្លាយជាប្រភពវិនិយោគធំជាងគេសម្រាប់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here