ទីផ្សារអចលនទ្រព្យវៀតណាមដាំក្បាលចុះ ខណៈធនាគារនានារឹតបន្តឹងការផ្ដល់ឥណទានដល់វិស័យនេះ

0

ដោយ៖ សុខុម

ហូជីមិញ: ទីផ្សារអចលនទ្រព្យវៀតណាម មានស្ថានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ ប៉ុន្តែឈានដល់ដល់ត្រីមាសទី២ ទីផ្សារនេះបានដាំក្បាលចុះខ្លាំង ខណៈធនាគារនានារឹតបន្តឹងការផ្ដល់ឥណទានដល់វិស័យនេះ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៧ ខែមិថុនា នេះ។

លោក Trần Trung Thành ដែលជាអ្នកគួកជេអចលនទ្រព្យនៅខេត្ត Bình Thuận និងខេត្ត Bà Rịa-Vũng Tàu ប្រទេសវៀតណាម និយាយថា ចាប់តាំងពីដើមខែមេសា មក តម្រូវការដីកសិកម្មបានដាំក្បាលចុះយ៉ាងខ្លាំង។ លោកនិយាយថា ចំនួនអ្នកដែលចង់លក់ដីខ្ពស់ជាងចំនួនអ្នកដែលចង់ទិញដី។

ស្ថានភាពនេះបានកើតមាននៅតំបន់ជាច្រើនរួមទាំង Bảo Lộc, Đắc Nông, Bình Phước, Bà Rịa-Vũng Tàu និង Bình Thuận ដែលជាទីផ្សារអចលនទ្រព្យធ្លាប់កម្រើកខ្លាំងកាលពីពីរបីខែមុនផងដែរ។

សូម្បីអចលនទ្រព្យប្រភេទលំនៅដ្ឋានជារួម ក៏បានបង្ហាញសញ្ញាធ្លាក់ចុះផងដែរនៅតំបន់ជាច្រើន ដោយសារការធ្លាក់ចុះតម្រូវការ។

តួយ៉ាង ដូចនៅក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសវៀតណាម ជាដើម។ តម្រូវការលំនៅដ្ឋាននៅហូជីមិញ គឺតែងតែខ្ពស់ និងប្រឈមកង្វះអាផាតម៉ិនធ្ងន់ធ្ងរ ពីព្រោះមានគម្រោងតិចតួចណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែពេលនេះក៏បានដាក្បាលចុះខ្លាំងដែរ។

លោក Trần Trọng Nhân នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានមួយក្នុងក្រុងហូជីមិញ បាននិយាយថា ទីផ្សារមានភាពរស់រវើកក្នុងរយៈពេល៣ខែដើមឆ្នាំនេះ ប៉ុន្តែបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីធនាគារនានាបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដល់វិស័យនេះ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ DKRA Vietnam និយាយថា ទីផ្សារដីធ្លីក្នុងទីក្រុងនេះក៏បានធ្លាក់ចុះផងដែរ ដោយគ្មានប្រតិបត្តិការទិញលក់ទាល់តែសោះនៅក្នុងខែមេសា។

គេហទំព័រអចលនទ្រព្យឈានមុខគេ Batdongsan.com បានចុះផ្សាយថា ចំនួនអ្នកចូលឆែកមើលដីធ្លី និងលំនៅដ្ឋានលើ Platform របស់ខ្លួនបានធ្លាក់ចុះចន្លោះពី៨%ទៅ៩%ក្នុងខែមេសា។

ក្រុមអ្នកវិភាគនិយាយថា ទីផ្សារអចលនទ្រព្យវៀតណាម មានភាពអាប់អួក៏ដោយសារតែការកើនឡើងអត្រាការប្រាក់ និងតម្លៃខ្ពស់ផងដែរ ទោះបីជាបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ប្រឹងប្រែងជំរុញទីផ្សារតាមរយៈប្រូម៉ូសិន និងការបញ្ចុះតម្លៃក៏ដោយ។

ពួកគេបានអំពាវនាវឱ្យមានការតាមដានទីផ្សារនេះយ៉ាងយកចិត្តទុកដាក់ ដោយនិយាយថា សញ្ញាទាំងនេះបង្ហាញថា ស្ថានភាពដ៏អាក្រក់នេះនឹងអូសបន្លាយរយៈពេលវែង ហើយវាទើបតែចាប់ផ្ដើមប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here