ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ការកែលំអរនិងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៤ នឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះឬដើមឆ្នាំ២០១៩ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ វិច្ឆិកានេះថា ផ្លូវជាតិនេះនឹងមិនមានការពង្រីកទេ ប៉ុន្តែក្រសួងនឹងចាក់នៅលើចិញ្ចើមផ្លូវក្រួសក្រហម ដែលមាននាពេលបច្ចុប្បន្ននេះ និងលើកកំពស់តួផ្លូវនៅតំបន់ស្ពានគគីរ និងស្ពានសំរោង ដែលតែងតែប្រឈមមុខនឹងការលិចទឹកជំនន់ទឹកភ្លៀងពេលរដូវវស្សាចូលមកដល់ម្តង។លោកបន្តថា គំរោងនេះគ្រោងចំណាយថវិកា១០០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក។








