ឥណ្ឌួនេស៊ីរកឃើញទ្រព្យសកម្មលាក់កំបាំង ៤០ពាន់លានដុល្លារ ក្នុងកម្មវិធីឱ្យចូលខ្លួនប្រកាសពន្ធដោយស្ម័គ្រចិត្ត

0

ដោយ សុខុម

ហ្សាការតា: កម្មវិធីឱ្យចូលខ្លួនប្រកាសពន្ធដោយស្ម័គ្រចិត្តរយៈពេល៦ខែនៅឥណ្ឌូណេស៊ី ដែលធ្វើឡើងជាលើកទី២ ក្នុងរយៈពេល៥ឆ្នាំមកនេះ បានរកឃើញទ្រព្យសកម្មលាក់កំបាំងដល់ទៅជិត៤០ពាន់លានដុល្លារ និងរកចំណូលពន្ធចូលរដ្ឋបន្ថែមបាន៤ពាន់លានដុល្លារ។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសនេះបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី០១ ខែកក្កដា។

កម្មវិធីដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា នេះបានស្វះស្វែងកែលម្អការអនុវត្តច្បាប់ និងធ្វើឡើងក្រោយកម្មវិធីបែបនេះលើកទី១ ដែលមានរយៈពេល៩ខែពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ បានរកឃើញទ្រព្យសកម្មលាក់កំបាំងដល់ទៅ៣០០ពាន់លានដុល្លារ និងរកចំណូលពន្ធចូលរដ្ឋបន្ថែមបាន៩ពាន់លានដុល្លារ ពីការផាកពិន័យពន្ធ។

ទិន្នន័យផ្លូវការបង្ហាញថា អ្នកជាប់ពន្ធចំនួន២៤៧.៩១៨នាក់/ស្ថាប័នបានចូលរួមក្នុងកម្មវិធីលើកចុងក្រោយនេះ ដោយប្រកាសទ្រព្យសកម្មមានតម្លៃសរុប៣៩,៨៣ពាន់លានដុល្លារ និងបង់ពន្ធជូនរដ្ឋចំនួន៤,០៩ពាន់លានដុល្លារ។
រដ្ឋាភិបាលបានសន្យាថា ចាប់ពីពេលនេះទៅខ្លួននឹងផ្តោតយកចិត្តទុកដាក់លើការអនុវត្តច្បាប់ជាជាងការបន្តកម្មវិធីបែបនេះ។

លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “យើងនឹងមិនរៀបចំឱ្យមានកម្មវិធីបែបនេះទៀតឡើយ។ ទិន្នន័យទាំងអស់ដែលយើងទទួលបានពីកម្មវិធីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការអនុវត្តច្បាប់”។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះបដិសេធមិនហ៊ានវាស់វែងថា តើកម្មវិធីនេះទទួលបានជោគជ័យឬយ៉ាងណាឡើយ ដោយគ្រាន់តែចាត់ទុកវាជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់អាជ្ញាធរពន្ធដារដើម្បីអប់រំប្រជាជនអំពីកាតព្វកិច្ចពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here