ត្រឹម៣ខែសោះរុស្ស៊ីលក់ថាមពលឱ្យមហាយក្សចិននិងមហាយក្សឥណ្ឌាបាន២៤ពាន់លានដុល្លារ

0

ដោយ៖ សុខុម

អន្តរជាតិ: ប្រទេសរុស្ស៊ី រកចំណូលបានរហូតដល់ទៅ២៥ពាន់លានដុល្លារ ពីការលក់ថាមពលឱ្យទៅមហាយក្សចិន និងមហាយក្សឥណ្ឌា ក្នុងពេលត្រឹមតែ៣ខែ បន្ទាប់ពីខ្លួនបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី៦ ខែកក្កដា។

នេះជាសញ្ញាបង្ហាញថា ការឡើងថ្លៃថាមពលទូទាំងពិភពលោកកំពុងរឹតត្បិតកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងការដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ បើនិយាយមួយបែបទៀតឱ្យកាន់ងាយស្ដាប់បានមានន័យថា លោក ពូទីន មិនខ្លាចទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលដាក់មកលើខ្លួនលើយ ព្រោះលោកមានមហាយក្ស២ចាំទទួលទំនិញរបស់ខ្លួនគ្រប់ពេល ជាពិសេសថាមពលតែម្ដង។

ទិន្នន័យគយចុងក្រោយបំផុតបង្ហាញថា ប្រទេសចិន បានចំណាយដល់ទៅ១៨,៩ពាន់លានដុល្លារ ទិញប្រេង ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី ក្នុងរយៈពេល៣ខែគិតមកទល់នឹងដំណាច់ខែឧសភា ដែលចំនួននេះស្ទើរតែកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១។

ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌាបានចំណាយដល់ទៅ៥,១ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា ដែលច្រើនជាង៥ដង បើធៀបនឹងឆ្នាំ២០២១។ នោះមានន័យថា រុស្ស៊ីរកចំណូលបន្ថែមបានដល់ទៅ១៣ពាន់លានដុល្លារ ពីមហាយក្សទាំង២នេះ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។

ការចំណាយកាន់តែខ្ពស់ពីសំណាក់មហាយក្សទាំង២នេះ កំពុងជួយប៉ះប៉ូវការធ្លាក់ចុះការទិញពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតដែលបានបញ្ឈប់ ឬកាត់បន្ថយការទិញថាមពលពីរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មលើប្រទេសនេះ ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ ទណ្ឌកម្មទាំងនេះបានធ្វើឱ្យតម្លៃថាមពល ដែលផ្គត់ផ្គង់ជំនួសថាមពលរុស្ស៊ី ហក់ឡើងថ្លៃកាន់តែខ្ពស់ និងជំរុញអតិផរណា ដែលគំរាមកំហែងទាញសេដ្ឋកិច្ចធំៗ ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

លោក Lauri Myllyvirta អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (Centre for Research on Energy and Clean Air) ដែលបានតាមដានរំហូរថាមពលរបស់រុស្ស៊ី ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន បានលើកឡើងថា “ប្រទេសចិនកំពុងសម្រុកទិញយកទាំងអស់នូវអ្វីដែលរុស្ស៊ី អាចនាំចេញបានតាមបំពង់បង្ហូរប្រេង និងកំពង់ផែនៅសមុទ្រប៉ាស៊ីហ្វិក។ ឥណ្ឌាជាអ្នកទិញទំនិញដ៏ធំចេញពីមហាសមុទ្រអាត្លង់ទិក ដែលអឺរ៉ុប លែងចង់បាន”។

អ្នកវិភាគរូបនេះ បានគូសបញ្ជាក់ថា ការសម្រុកទិញថាមពលរុស្ស៊ី ពីសំណាក់មហាយក្សទាំង២នេះទំនងជាមិនបញ្ឈប់ក្នុងពេលឆាប់ៗនេះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here