Twitter ជួលក្រុមហ៊ុនច្បាប់អន្តរជាតិដើម្បីប្ដឹង Elon Musk ដែលលុបចោលកិច្ចព្រមព្រៀងតម្លៃ៤៤ពាន់លានដុល្លារ

0

ដោយៈ សុខុម

អាមេរិក: ដំណឹងដែលកំពូលមហាសេដ្ឋីលេខ១ របស់ពិភពលោក Elon Musk ប្រកាសទិញយកក្រុមហ៊ុនTwitter ក្នុងតម្លៃរហូតដល់ទៅ៤៤ពាន់លានដុល្លារល្បីល្បាញពេញពិភពលោក ហើយពេលនេះស្រាប់តែលោ​កប្រកាសលុបចោលកិច្ចព្រមព្រៀងនេះវិញ ធ្វើឱ្យក្រុមហ៊ុនTwitter កើត​ទុក្ខមិនសុខចិត្តរហូតចាត់វិធានការតាមផ្លូវច្បាប់។

ប្រភពបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter Inc បានជួលក្រុមហ៊ុនច្បាប់របស់សហរដ្ឋអាមេរិក Wachtell, Lipton, Rosen & Katz (WLRK) ដើម្បីត្រៀមប្ដឹងលោក Elon Musk និងបង្ខំឱ្យលោក ឆាប់បញ្ចប់ប្រតិបត្តិការទិញយកក្រុមហ៊ុនTwitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារ ផ្អែកតាមអ្វីដែលបានព្រមព្រៀងគ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១១ ខែកក្កដា នេះ។

លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ Tesla កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅបានសម្រេចលុបចោល​ កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុននេះ ដោយលើកឡើងថា ក្រុមហ៊ុនTwitter មិនបានផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬFake Account នៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។

ជាការឆ្លើយតប ប្រធានក្រុមហ៊ុន Twitter លោក Bret Taylor បានប្តេជ្ញាថា នឹងធ្វើការប្ដឹងលោក Elon Musk ឡើងតុលាការ។

ប្រភពដដែលបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Twitter គ្រោងនឹងដាក់ពាក្យបណ្តឹងនៅដើមសប្តាហ៍នេះ នៅក្នុងរដ្ឋ Delaware សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ក្រុមហ៊ុន Twitterបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ចំណែកក្រុមហ៊ុនច្បាប់ខាងលើ ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ពេលទីភ្នាក់ងារព័ត៌មាន Reuters សុំការបំភ្លឺជុំវិញបញ្ហានេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here