ដោយ: លាងហួរ
ភ្នំពេញ: អ្នកជំនាញបាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) បានផ្តល់សន្ទុះទៅក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយទាក់ទាញការវិនិយោគ និងផ្តល់លទ្ធភាពទទួលបានទីផ្សារធំជាងមុនចំពោះផលិតផលដែលផលិតក្នុងប្រទេសកម្ពុជា។
លោក Hoe Ee Khor ប្រធានសេដ្ឋវិទូនៃអាស៊ាន(សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) +3 ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច (AMRO) បាននិយាយថា ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) FTA កម្ពុជា-ចិន (CCFTA) និង FTA កម្ពុជា-កូរ៉េខាងត្បូង (CKFTA) បាននិងកំពុងផ្តល់ឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការពង្រឹងលំហូរវិនិយោគ និងពង្រីកផលិតផល ទៅកាន់ទីផ្សារនាំចេញផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ទោះបីជាកំពុងប្រឈមមុខ នឹងបរិយាកាសដ៏លំបាកក៏ដោយ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជាត្រូវបានគេរំពឹងថា នឹងនៅតែមានស្ថិរភាព។
យោងតាមការព្យាករណ៍ចុងក្រោយរបស់ AMRO បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថានឹងងើបឡើងវិញជាលំដាប់ ពោលគឺនឹងកើនឡើង៤,៩ភាគរយនៅឆ្នាំ២០២២ ដែលជាយុទ្ធសាស្ត្ររបស់ប្រទេសក្នុងការរស់នៅជាមួយកូវីដ១៩ និងអត្រាការចាក់វ៉ាក់សាំងខ្ពស់បានជួយសម្រួលដល់ការបើកអាជីវកម្មឡើងវិញ ជាពិសេសក្នុងវិស័យសេវាកម្ម។
អតិផរណារបស់កម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់៦,៤ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាង២,៩ភាគរយកាលពីឆ្នាំមុន ដោយសារតែការកើនឡើងនៃតម្លៃប្រេងសកល៕