ដោយៈ សុផារី
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានស្នើភាគីជាមិត្តចិន មកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន និងជម្រុញបង្កើនការនាំចេញអង្ករពីកម្ពុជា។
នេះបើតាមការលើកឡើង ដោយលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង នៅក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួល អន្តររដ្ឋាភិបាល កម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់រយៈពេល២ឆ្នាំបន្តទៀត (ឆ្នាំ២០២២-២០២៤) និងលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងវិនិយោគ ភាគីកម្ពុជា ស្នើជំរុញឱ្យវិនិយោគិនចិនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាពក្នុងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំទៅប្រទេសចិន និង ជំរុញរដ្ឋបាលគយចិន និងក្រសួងពាក់ព័ន្ធទាំងពីរ រៀបចំពិធីសារអនាម័យនិង ភូតគាមអនាម័យលើផលិតផលកសិកម្ម មួយចំនួនជាកញ្ចប់តែម្តងជាជាងធ្វើពិធីសារសម្រាប់តែ ផលិតផលមួយមុខៗម្តង។
បន្ថែមលើសនេះ កម្ពុជាស្នើរដ្ឋបាលគយចិន ពន្លឿននីតិវិធីចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យលើផលិត ផលផ្លែមៀន គ្រាប់ស្វាយចន្ទី និងសំបុកត្រចៀកកាំជាដើម និងស្នើភាគីចិនបន្តនាំចូលអង្ករពីកម្ពុជា ដែលមានកូតា៤០ម៉ឺនតោន ដោយរួចពន្ធតាមការសម្រេចរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន។
ជាពិសេស ភាគីទាំងពីរពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យសម្រេចបានគោលដៅ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥៕