ដោយៈ ជេស៊ីកា
ព្រះសីហនុៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា១០ចំណុច ដើម្បីអនុវត្តន៍គម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។
ផែនការសកម្មភាពនេះ ត្រូវបានដាក់ចេញសិក្ខាសិក្ខាសាលាស្តីពី ការផ្តល់សុពលភាពលើផែនការ សកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ។
ក្រុមមន្រ្តីបានសម្រេចផ្តល់សុពលភាព លើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមានដូចជា ទី១ ការប្រើប្រាស់អំពូលភ្លើងសន្សំសំចៃអគ្គិសនី (LED) ទី២ ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001 ទី៣ ការប្រើប្រាស់សូឡា PV នៅលើដំបូលអគារ ទី៤ ការដុតជីវម៉ាសដើម្បីបង្កើតកំដៅ ទី៥ ការបម្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ។
ទី៦ ការធ្វើជីកំប៉ុស្ត ទី៧ ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី ទី៨ ការបំពាក់នាឡិកាទឹក និងបរិក្ខារលាងសម្អាតដែលសន្សំសំចៃទឹក ទី៩ ការត្រងទឹកភ្លៀងពីដំបូលអគារ និងទី១០ ផែនការគ្រប់គ្រងគ្រោះមហន្តរាយ។
គម្រោង TNA បានទទួលការគ្រាំអនុវត្ត និងបច្ចេកទេសដោយមូលនិធិអាកាសធាតុបៃតង(GCF) និងក្រុមហ៊ុនទីប្រឹក្សា (Climate Smart Initiative)។
អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន លោកវ៉ាន់ មុនីនាថ បានឱ្យដឹងថា គម្រោង TNA នេះនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការកៀរគរថវិកាសម្រាប់អនុវត្តសកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ប្រកបដោយចីរភាព និងប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថានផងដែរ៕