ដោយ គង់ សូរិយា
ភ្នំពេញ៖ បណ្តាប្រទេសនៅអនុតំបន់ទន្លេមេគង្គ កម្ពុជា វៀតណាម និងថៃ ចាប់ផ្តើមពង្រីកកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់គម្រោងអភិវឌ្ឍន៍ នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ក្នុងគោលដៅជម្រុញការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវទឹក ដើម្បីពង្រីកសក្តានុពលលើវិស័យទេសរចណ៍កាន់តែប្រសើរឡើង។
មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងបីនេះ បានចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) ដែលប្រារព្វធ្វើឡើងនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៨នេះ។ តំណាងវិស័យឯកជននៃប្រទេសទាំង៣ រួមមាន អាជ្ញាធរនៃខេត្តនៅជាប់តំបន់សមុទ្រនីមួយៗ បានធ្វើជាសាក្សីលើគម្រោងចុះហត្ថលេខាលើព្រមព្រៀងគ្នា ដោយមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ជម្រុញការធ្វើទេសចរណ៍តាមផ្លូវទឹក ក៏ដូចជាការតភ្ជាប់គម្រោងអភិវឌ្ឍន៍នៃច្រករបៀងសេដ្ឋកិច្ច ខណៈដែលប្រទេសមហាអនុតំបន់ទាំង៣ កំពុងមានសក្តានុពលលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។







