ដោយគង់ សូរិយា
ភ្នំពេញ: ក្រុមហ៊ុនចិនដ៏ធំមួយបានប្រកាសបោះទុនវិនិយោគ ២០០ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកពីរនៃខេត្តព្រះសីហនុ និងប្រែក្លាយស្រុកស្ទឹងហាវដូចគ្នានឹងទីក្រុងស៊ិនចិនទី២របស់ប្រទេសចិន។
លោក Zhu Zhang Jing អភិបាលក្រុមហ៊ុនអ៉ីប៉ីជានទៀនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៥ វិច្ឆិកាបន្ទាប់ពីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មដែលមានថាលពល១២០០មេហ្កាវ៉ាត់ថា ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ដំណើររោងចក្រសំខាន់ៗដែលគ្រោងបង្កើតឡើងនៅក្នុងស្រុកស្ទឹងហាវជាបន្តបន្ទាប់នោះ ក្រុមហ៊ុនអ៉ីប៉ីជានទៀន បានសម្រេចបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មមួយ ដែលអាចផលិតថាមពលបានរហូតដល់ទៅ ១២០០មេហ្គាវាត់ ដែលការសងសង់គ្រោងបញ្ចប់ការសាងសង់ទាំងស្រុង និងអាចផ្គត់ផ្គង់ថាមពលអគ្គិសនីបាននៅឆ្នាំ២០២០។ រោងចក្រផលិតថាមពលមួយនេះ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់នាព្រឹកមិញនេះ។
លោកបន្តថា “ការសាងសង់រោងចក្រនេះ ជាការគិតគូរមួយរបស់ក្រុមហ៊ុនក្នុងការផលិតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មធំៗរបស់ខ្លួនដែលគ្រោងបង្កើតឡើងនៅឆ្នាំ២០១៩”។លោកបន្តថា “រោងចក្រទាំងនោះមានដូចជា រោងចក្រស្លដែក ទង់ដែង រោងចក្រក្រដាស រោងចក្រកញ្ចក់ និងរោងចក្រជ័រមួយចំនួនទៀត”។
លោក Zhu Zhang Jing ក៏បានបង្ហាញគម្រោងអភិវឌ្ឍន៍កំពង់ផែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែអន្តរជាតិស្ទឹងហាវ ឲ្យក្លាយទៅជាកំពង់ផែដ៏ធំមួយ ដែលអាចឲ្យនាវាផ្ទុកទំនិញរហូតដល់ទៅ១០ម៉ឺនតោនចូលសំចតបានថែមទៀតផង។
ជាមួយគ្នានេះ លោក Zhu Zhang Jing បានបង្ហាញមហិច្ឆតាប្រែក្លាយស្រុកស្ទឹងហាវឲ្យទៅជាតំបន់ មានឧស្សាហកម្មរីកចម្រើនលូតលាស់មួយ ដូចទៅនឹងទីក្រុងហ្ស៊ិនជិន របស់ប្រទេសចិន។ ហ្ស៊ិនជិន ជាទីក្រុងដ៏រីកចម្រើនមួយរបស់ចិន ដែលមានឧស្សាហកម្មទំនើបជាច្រើននៅក្នុងទីក្រុងនេះ។
លោកបន្តថា “ពួកយើងចង់ធ្វើជាក្រុមហ៊ុនគំរូ ដែលគោរពតាមគោលនយោបាយខ្សែក្រវាត់១ និងផ្លូវ១ របស់រដ្ឋាភិបាលចិនក្នុងការវិនិយោគនៅកម្ពុជា”៕