កត្តាអ្វីខ្លះដែលធ្វើឱ្យផ្សារទំនើបខ្នាតមធ្យមមួយចំនួនបរាជ័យ ?

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ផ្សារទំនើបនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថាបានបើកដំណើរការជាបន្តបន្ទាប់ ដោយផ្សារទំនើបខ្លះ ទទួលបានជោគជ័យនិងទទួលបានការគាំទ្រពីអតិថិជនជាប់ជាប្រចាំ។

ផ្ទុយទៅវិញផ្សារទំនើបខ្លះ មានអតិថិជនគាំទ្រតែពេលដំបូងៗប៉ុណ្ណោះ តែក្រោយមកក៏ស្ងាត់អតិថិជនទៅវិញ រហូតដល់មានការបិទទ្វារទៅវិញផងដែរ ។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យផ្សារទំនើបទាំងនោះបរាជ័យ?។

អ្នកនាងអាន សុធីតាអគ្គនាយិកានៃក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា កត្តាដែលធ្វើឱ្យផ្សារទំនើប បើកដំណើរការហើយមិនទទួលបានជោគជ័យ ឬមិនមានស្ថិរភាពយូរអង្វែង វាមានកត្តាច្រើនណាស់ ក្នុងនោះដូចជា ទីតាំង ការរចនាដេគ័រនៅក្នុងផ្សារទំនើបនោះ អាស្រ័យទៅលើការរួមបញ្ចូលអតិថិជន ដែលលក់រាយនៅក្នុងផ្សារ ការគ្រប់គ្រង និងកត្តាគួបផ្សំជាច្រើនទៀត ។

អ្នកនាងបន្តថា “បរិមាណផ្សារទំនើប ដែលមាននៅក្នុងទីក្រុងភ្នំពេញ នាពេលនេះ វាអាចគ្រប់គ្រាន់ហើយ ក្នុងការរកអតិថិជនមកដាក់លក់នៅក្នុងផ្សារនោះ ដោយមិនបាច់អភិវឌ្ឍន៍ ឬសាងសង់ផ្សារទំនើបថ្មីៗបន្ថែមទៀតនោះទេ”។

អ្នកនាងបន្ថែមថា ថ្វីត្បិតតែផ្សារទំនើបជាច្រើន បានរីកដុះដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញយ៉ាងនេះក្ដី តែសម្រាប់ផ្សារប្រពៃណី នៅតែពេញនិយមនិងមានការគាំទ្រ ដោយសារតែអតិថិជននៃផ្សារទំនើប និងផ្សារប្រពៃណីមានកម្រិតជីវភាពខុសគ្នា ហើយពេលខ្លះអ្នកមានជីវភាព ធូរធាក៏មិនចោលផ្សារប្រពៃណីដែរ។ ដូច្នេះហើយ ទើបយើងមើលឃើញថា ផ្សារទំនើប ផ្សារប្រពៃណី នៅក្នុងរាជធានីភ្នំពេញ នៅតែបន្តដំណើរការយ៉ាងសកម្ម ។

បើតាមអ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia ក៏បានលើកឡើងផងដែរថា នៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ផ្សារទំនើបមានច្រើនណាស់ ហើយផ្សារទំនើបខ្លះទៀត បាននិងកំពុងសាងសង់ និងគ្រោងដំណើរការនៅពេលខាងមុខ។ ដូច្នេះហើយនៅពេលផ្សារទំនើបទាំងនោះ សាងសង់រួចរាល់នឹងកាន់តែមានចំនួនច្រើន តែផ្សារទំនើបទាំងអស់ មិនប្រាកដថានឹងទទួលបានជោគជ័យនោះទេ។

បើតាមរបាយការណ៍ របស់ក្រុមហ៊ុនCBREបានបង្ហាញថា បរិមាណផ្សារទំនើប ក្នុងប្រទេសកម្ពុជាដែលមានច្រើនបែបនេះ អ្នកអភិវឌ្ឍន៍ផ្សារទំនើប មិនគួរបន្ថែមការអភិវឌ្ឍទៀតទេ ក្នុងពេលនេះ គួរតែផ្អាកមួយរយៈសិន ដោយរង់ចាំមើលស្ថានភាព និងតម្រូវការជានៅពេលខាងមុខសិន ។

យ៉ាងណាក្ដី អ្នកអភិវឌ្ឍន៍ផ្សារទំនើប មួយចំនួនបានលើកឡើងថា ការអភិវឌ្ឍផ្សារទំនើប គឺត្រូវផ្ដោតទៅលើទីតាំងសក្ដានុពល កត្តាប្រជាសាស្ត្រនៅក្នុងតំបន់នោះ និងកម្រិតនៃអតិថិជន។

លោកយិន លាងគង់សហស្ថាបនិក និងគេហទំព័រPropertyarea ដែលបានតាមដានការវិវត្តន៍ លើទីផ្សារលក់រាយនៅកម្ពុជាបានលើកឡើងថា ផ្សារទំនើប ពិតជាមានចំនួនច្រើននៅកម្ពុជា ប៉ុ​ន្តែអ្នកអភិវឌ្ឍន៍ក្នុងស្រុកភាគច្រើន សុទ្ឋតែមិនអភិវឌ្ឍន៍បំពេញចំណង់ ចំណូលចិត្តរបស់ប្រជាពល​រដ្ឋ និងសាងសង់ផ្សារនិមួយៗ ដោយគិតពីផលចំណេញខ្ពស់ពេក ដោយមិនបានគិតគូរពីលំហូរខ្យល់ បរិយាកាសដើរកំសាន្ត និងផ្លូវដើរឲ្យបានទូលា​យជាដើម ដែលផ្សារខ្លះសូម្បីបន្ទប់ទឹកក៏ចង្អៀត និងបញ្ហាជាច្រើនទៀត។

លោកយល់ស្របនឹងការលើកឡើងខាងលើ ប៉ុន្តែលោកបានលើកជា​នូវឧទាហរណ៍ពិតមួយថា ប្រសិនបើយើងក្រឡេកមើល ផ្សារទំនើបAEON Mallនៅទីក្រុងភ្នំពេញទាំងទី១ ទី២ និងទី៣ ដែលគ្រោងបើកដំណើរការនៅពេលខាងមុខ នឹងនៅតែទទួលបានជោគជ័យ ដោយសារកក្តាមួយចំនួនដូចជា ពួកគេបានសិក្សាពីតម្រូវការ និងចំណូលចិត្តរបស់ប្រជាជន។

លោកយិន លាងគង់បានបន្តថា “ពួកគេបានសិក្សាពីកម្រិតវប្បធ៌ម និងរសនិយមរបស់អ្នកដើរផ្សារ”។ លោកបន្តថា “ពួកគេគិតពីផាសុខភាព និងភាពចម្រុះ ដែលអ្នកទៅកាន់ផ្សារទាំងអ្នកមាន និងអ្នកមានជីវភាពមធ្យម និងក្រោមមធ្យមអាចទទួលយកបាន”។

លោកបន្តថា លើសពីនេះ អ្នកវិនិយោគជប៉ុនបានគិតដល់អ្វីមួយ ដែលអ្នកទៅកាន់ផ្សារទំនើបរបស់ខ្លួនចង់បាន និងពួកគេបានផ្តល់នូវអ្វីដែលអតិថិជន មិនធ្លាប់បានគិតដល់ពីមុនមកផងដែរ។ នេះជាចំណុចពិសេស ពិសេសការផ្តល់ជូននូវអ្វី ដែលប្រជាជនកម្ពុជា មិនធ្លាប់ទទួលបាននៅកម្ពុជា និងនៅក្រៅប្រទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here