ដោយ គង់ សូរិយា
ភ្នំពេញ៖ គំរោងសាងសង់អាគារពាណិជ្ជកម្មខ្ពស់ជាងគេនៅទីក្រុងកោះពេជ្រ ដែលគ្រោងដំឡើងកំពស់ពី៥៥៥ម៉ែត្រ ទៅ៦០០ម៉ែត្រនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។
បុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុន Morgan Group បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីថ្ងៃទី១៨ វិច្ឆិកាកន្លងមកថា គំរោងសាងសង់អាគារខ្ពស់ជាងគេនៅទីក្រុងកោះពេជ្រនេះ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ខាងមុខ ដោយគំរោងនេះ នឹងសហការវិនិយោគរវាងក្រុមហ៊ុន OCIC ជាមួយក្រុមហ៊ុនមកពីប្រទេសចិន ដែលក្រុមហ៊ុននេះមានវត្តមាននៅប្រទេសកម្ពុជារួចហើយ។ ប៉ុន្តែទោះជាយ៉ាងណាកញ្ញាមិនបញ្ជាក់ឲ្យដឹងពីឈ្មោះក្រុមហ៊ុន ដែលនឹងចាប់ដៃជាមួយក្រុមហ៊ុន OCIC នោះទេ។
កញ្ញាបន្តថា “រដ្ឋាភិបាលចិនចង់ផ្តល់ចំណងដៃដល់ទីក្រុងភ្នំពេញ តាមការអនុញ្ញាត្តឲ្យក្រុមហ៊ុនមកពីប្រទេសចិនសចិន ចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជា។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងធ្លាប់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់អាគារកប់ពពកនេះ អាចនឹងមានការដំឡើងកំពស់ខ្ពស់ជាង៥៥៥ម៉ែត្រ ប៉ុន្តែនៅពេលសម្ភាសន៍តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ វិច្ឆិកានេះលោកបានបដិសេធមិនអត្ថាធិប្បាយ ដោយបានមានប្រសាសន៍ថា លោកមិនទាន់មានព៌តមានលំអិតពីគំរោងនេះនៅឡើយទេ ប៉ុន្តែគំរោងនេះពិតប្រាកដណាស់ នឹងមិនត្រូវបានលុបចោលនោះទេ។
បើតាមលោកទូច សំណាងបញ្ជាក់នាពេលកន្លងមក Diamond Tower នឹងសាងសង់តាមខ្សែស្របពិសេសមួយ ដោយវានឹងស្ថិតនៅនៅក្បាលទីតាំងកោះពេជ្រ ហើយអាគារនេះនឹងរត់ស្របគ្នានឹងរូបសំណាកសម្តេចសង្ឃជួន ណាត និងរូបសំណាកព្រះបរមរតនកោដិ និងវិមានឯករាជ្យផងដែរ៕