ដោយគង់ សូរិយា
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញឲ្យសហភាពអារ៉ាប់រួម ធ្វើការវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗចំនួន៤ គឺកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ក្រសួងពាណិជ្ជកម្មឲ្យដឹងនៅរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោកជំទាវ REEM Al Hashimy រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានរៀបចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នៃប្រទេសសហភាពអារ៉ាប់រួម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជម្រាបជូនភាគីជំនួបអំពីវឌ្ឍនភាព នៃកំណើនសេដ្ឋកិច្ចកម្ពុជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយគាំពារវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ដែលរដ្ឋាភិបាលបានផ្តល់ជូនវិនិយោគិនបរទេស ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
លោករដ្ឋមន្រ្តី ក៏បានអញ្ជើញភាគីសហភាពអារ៉ាប់រួម ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនិងផលិតផលនាំចេញ-នាំចូលកម្ពុជា កម្រិតអន្តរជាតិ ដែលគ្រោងនឹងរៀបចំឡើងនាខែធ្នូឆ្នាំ២០១៩ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ២០២០ ដល់ប្រជាជនកម្ពុជានិងប្រជាជននៃប្រទេសអាស៊ាន។






