ដោយ: លាងហួរ
ភ្នំពេញ: ប្រទេសចិនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អំពីការធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីដ៏ធំ ដើម្បីជំរុញសក្តានុពលស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់ផលិតកម្មរបស់ទីក្រុងប៉េកាំង ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។
មន្ត្រីទីក្រុងប៉េកាំងបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អំពីគម្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាន នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការពន្លឿនការចរចា សម្រាប់អ្វី ដែលពួកគេហៅថាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនកំណែទម្រង់ ៣.០។
កាលពីខែកញ្ញាកន្លងទៅ ក្រសួងការបរទេសចិនបានប្រកាសថា ការបង្កើតកំណែ៣.០ នេះស្ទើរតែនឹងចាប់ផ្តើមហើយ ស្របពេលប្រទេសចិនកំពុងសម្លឹងរកមើលឱកាសពង្រីកតំបន់ពាណិជ្ជកម្ម ដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារបើកចំហ នៅក្នុងផ្នែកមួយនៃពិភពលោក។
ប្រទេសចិនក៏កំពុងសម្លឹងរកមើលឱកាស ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាស៊ានរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់គំនាប លើសេដ្ឋកិច្ចចិនតាមរយៈពន្ធគយ និងការទប់ស្កាត់លើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់របស់ខ្លួន។
ចំណែក ទីក្រុងវ៉ាស៊ីនតោនបានបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលមានសមាជិក១៤ប្រទេសចូលរួម កាលពីខែឧសភាកន្លងទៅ ដើម្បីជំរុញពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមទាំង ថាមពលស្អាតផងដែរ ប៉ុន្តែគ្មានប្រទេសចិនជាសមាជិកនោះទេ៕