ដោយៈ ជេស៊ីកា
ភ្នំពេញៈ ទន្ទឹមនឹងការរង់ចាំរបស់សាធារណៈជន ដែលចង់ឃើញអាគារភ្លោះកប់ពពកកំពស់៥៦៨ម៉ែត្រសាងសង់ ប៉ុន្តែអ្វីៗហាក់ស្ថិតក្នុងមន្ទិល លោកសាស្រ្តាចារ្យទួស សាភឿនបានអះអាងថា ក្រុមហ៊ុននៅតែបន្តនិរន្តរភាពអាគារនេះ ដោយក្រុមហ៊ុននឹងមិនបោះបង់ចោលឡើយ។
លោកសាស្រ្តាចារ្យទួស សាភឿន ជាប្រធានក្រុមស្ថាបត្យករគូរប្លង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាបើពិភពលោករបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេលេក្រាម កាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកាថា ដូចសាធារណៈជនទាំងអស់គ្នាបានឃើញ អ្វីដែលបានកើតមានលើពិភពលោក គឺវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន បានធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច និងធ្វើឲ្យប៉ះពាល់ដល់ទុនរបស់ក្រុមហ៊ុនជាដៃគូ ។
-->
លោកបន្តថា “ទោះជាការដ្ឋានមិនដំណើរការ ប៉ុន្តែយើងបានសកម្មភាពមួយចំនួនដូចជាការជីកជញ្ជាំងទប់ដី ការខួងដីយកទៅពិសោធន៍ជាដើម ហេតុនេះយើងនៅតែបន្តធ្វើ យើងមិនបោះបង់គំរោងនេះ ដូចការលើកឡើងរបស់្នកមួយចំនួនទេ”។ លោកបន្តថា “គំរោងខ្លះត្រូវចំណាយពេល១០ឆ្នាំទម្រាំសាងសង់ទើបចប់ ប៉ុន្តែយើងទើបបានចំណាយពេល៣ឆ្នាំ ក៏វិបត្តិជំងឺកូវីដមកដល់”។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា វិបត្តិជំងឺកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគធំ ជាក្រុមហ៊ុនដែលត្រូវសហការជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុង ជាហេតុធ្វើឲ្យមានការពិបាកក្នុងការប្រមូលទុន ដើម្បីសាងសង់គំរោងនេះ ប៉ុន្តែជាឆន្ទៈ គឺអ្នកឧកញ៉ា(អ្នកឧកញ៉ាខូវ សម្បត្តិ) មិនបោះបង់គម្រោងនេះចោលនោះទេ។
លោកគូសបញ្ជាក់ម្តងហើយម្តងទៀតថា “យើងរង់ចាំ យើងមិនបោះបង់គំរោងនេះទេ នៅពេលណាពេលវេលាល្អមកដល់ យើងនឹងចាប់ផ្តើមគំរោងនេះឡើងវិញ”។ លោកបន្ថែមថា “យើងបានត្រៀមក្រុមការងារ ក្រុមអ្នកបច្ចេកទេសដើម្បីសាងសង់គំរោងនេះ និងបានជីកជញ្ជាំងទប់ដិរហូតដល់ជម្រៅ៣៨ម៉ែត្រ”។
លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា មានមនុស្សមួយចំនួនបានយល់ថា គំរោងនេះទៅមុខមិនរួចទេ តាមពិតមិនដូច្នេះទេ អ្វីសំខាន់គឺស្ថិតនៅលើទីផ្សារ ព្រោះបើសេដ្ឋកិច្ចមានការលំបាកអញ្ចឹង សាធារណៈជនអាចពិចារណា។

លោកបានលើកជាឧទាហរណ៍ថា ជាក់ស្តែងគំរោងជាច្រើននៅក្រុងព្រះសីហនុ គំរោងតូចៗមួយចំនួននៅជុំវិញគំរោងនេះ ក៏ជួបការលំបាក ចុះទម្រាំគំរោងធំបែបនេះ (គំរោងថៃ ប៊ុនរ៉ុងធ្វីនថោវើ) គឺសាធារណៈជនអាចពិចារណាទាំងអស់គ្នា។
លោកបន្ថែមថា “យ៉ាងណាក៏ដោយ ម្ចាស់គម្រោងនៅតែដំណើរការ ដោយរង់ចាំឱកាស សមស្រេបណាមួយនឹងចាប់ផ្តើមសាងសង់ ព្រោះយើងមិនបោះបង់គំរោងនេះទេ គំរោងនេះនៅតែបន្តនិរន្តរភាពរបស់ខ្លួន”៕
