ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ទោះបីជាស្ថានភាពនៃវិបត្តិកូវីដ១៩ និងសេដ្ឋកិច្ចសកលមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក្ដី ក៏កម្ពុជានៅតែបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបានធ្វើកំណើនសេដ្ឋកិច្ច កើនឡើងវិញជាវិជ្ជមានក្នុងឆ្នាំ២០២២នេះ ហើយនៅឆ្នាំ២០២៣ខាងមុខ ប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់មនុស្សម្នាក់នៅកម្ពុជាក៏ត្រូវរំពឹងថា នឹងកើនឡើងដល់១.៩២៤ដុល្លារអាមេរិកផងដែរ។
យោងតាមសារាចរណែនាំស្ដីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ឆ្នាំ២០២២ និងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៤ភាគរយ និង៦,៦ភាគរយរៀងគ្នា ហើយ ផសសសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់១.៩២៤ដុល្លារអាមេរិក ខណៈ២០២២នេះ មាន១.៧៨៥ដុល្លារអាមេរិក ។
ក្នុងសារាចរដដែលនេះឱ្យដឹងទៀតថា ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ក៏ត្រូវបានព័ទដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម ឬហានិភ័យដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាមួយចំនួនរួមមាន ការអួសបន្លាយសង្គ្រាមនៅអ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ ការកើនឡើងនូវអតិផរណា ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុន នូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ការថមថយនៃសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចតំបន់សហភាពអឺរ៉ុប ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ការនាំចេញរបស់កម្ពុជា ។
សារាចរដដែលបញ្ជាក់ថា បញ្ហាប្រឈមដ៏ស្រួចស្រាវខាងលើនេះ តម្រូវឱ្យរាជរដ្ឋាភិបាល ផ្ដល់អាទិភាពជាចម្បងលើមនុស្ស សម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៣ ដោយត្រូវគិតគូរដល់សុខភាព ការគាំទ្រជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងការប្រឹងប្រែងទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ច ។
លើសពីនេះ ការគិតគូរអំពី គ្រប់ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លើកទី១២ ក៏ត្រូវបានឆ្លុះបញ្ចាំង នៅក្នុងការធ្វើផែនការថវិកាឆ្នាំ២០២៣នេះ យ៉ាងល្អិតល្អន់និងម៉ត់ចត់ផងដែរ ។
ជាការកត់សម្គាល់កាលពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ដើម្បីទប់ស្កាត់ការកើនឡើង នៃអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជាច្រើន សម្រាប់បើកជូនពលរដ្ឋក្រីក្រ និងគ្រួសារងាយរងគ្រោះដោយសារតែវិបត្តិ៕