វិស័យអាកាសចរណ៍កម្ពុជាបង្ហាញសញ្ញាវិជ្ជមាន ខណៈកម្ពុជាទទួលបានជើងហោះហើរសរុប៣.៩០០ជើងក្នុងខែមករា

0

ដោយ: សុផារី

ភ្នំពេញ: ចំនួនជើងហោះហើរចេញ ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងខែមករាឆ្នាំ២០២៣ ខណៈជើងហោះហើររវាងប្រទេសកម្ពុជា និងចិន មានការកើនឡើង ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣នេះ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ថា “ស្ថានភាពដឹកជញ្ជូនអ្នកដំណើរ នៅក្នុងខែមករាឆ្នាំ២០២៣នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់។ ប្រសិនបើក្រឡេកមើលស្ថិតិនៅក្នុងខែមករា ឆ្នាំ២០២៣ គឺចំនួនភ្ញៀវចេញ ចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ មានចំនួនជាង៤សែននាក់ (៤០៨.៥១៦នាក់)”។

លោកបានបន្តថា “បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងខែមករាឆ្នាំ២០២២ យើងឃើញថាចំនួនភ្ញៀវបានកើនឡើង រហូតដល់ចំនួនជិត៧០០ភាគរយ (៦៧៧ភាគរយ)”។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះបានបញ្ជាក់ទៀតថា ចំនួនជើងហោះហើរចេញ ចូលអាកាសយានដ្ឋានអន្តរជាតិទាំងបីនេះ ក៏មានការកើនឡើងផងដែរ។ ជាក់ស្ដែងនៅក្នុងខែមករាឆ្នាំ២០២៣ ចំនួនជើងហោះហើរសរុបមានចំនួន៣.៩០០ជើង មានកំណើន២២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ចំណែក ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០២២ ដោយលោកបានឲ្យដឹងថា នៅក្នុងខែមករាឆ្នាំ២០២៣ មានការដឹកទំនិញចេញចូលចំនួន២.៨៩១តោន មានការថយចុះ៤៩ភាគរយ។

លោកបានបញ្ជាក់ថា នៅក្នុងខែមករា និងកុម្ភៈ ឆ្នាំ២០២៣នេះ ចំនួនជើងហោះហើរមកពីប្រទេសចិន មានការកើនឡើង ហើយសង្ឃឹមថា នឹងមានកំណើនបន្ថែមទៀតនៅចុងខែ២ ដើមខែ៣នេះ។ សម្រាប់ទីផ្សារទិសដៅនាំមុខគេក្នុងខែមករា គឺទីក្រុងបាងកក សិង្ហបុរី និងម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here